NBC News ៖ សេតវិមានពិចារណាអញ្ជើញលោក ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Alaska
(វ៉ាស៊ីនតោន)៖ សារព័ត៌មាន NBC News បានរាយការណ៍នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ថាសេតវិមានកំពុងពិចារណាអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Alaska ជាទីដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សារព័ត៌មាន NBC News ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ និងមន្ត្រី៣នាក់ផ្សេងទៀតដែលបានដឹងពី កិច្ចពិភាក្សាផ្ទៃក្នុង។ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងទៀតថាគម្រោងអញ្ជើញលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Alaska កំពុងស្ថិតនៅក្រោម កិច្ចពិភាក្សា។
គួរបញ្ជាក់ថា តាម NBC News គម្រោងនៃដំណើរទស្សនកិច្ចខាងលើរបស់លោក ហ្សេលេនស្គី មិនទាន់ត្រូវបានសម្រេចនោះទេ ហើយវាក៏មិនច្បាស់ថាតើរូបលោក អាចនឹងមានវត្តមានក្នុងរដ្ឋ Alaska ដែរឬក៏យ៉ាងណានោះដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

