ព័ត៌មានអន្តរជាតិ August 11, 2025

ជប៉ុន ទទូចឱ្យមនុស្សរាប់លាននាក់ជម្លៀសទៅរកទីសុវត្ថិភាព បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមានអ្នកបាត់ខ្លួន

Liny Chan

(តូក្យូ)៖ នៅថ្ងៃចន្ទ ទី១១ ខែសីហា អាជ្ញាធរជប៉ុនបានណែនាំឱ្យមនុស្សសរុបខ្ទង់រាប់លាននាក់ នាំគ្នាជម្លៀសខ្លួនចេញពីលំនៅដ្ឋាន បន្ទាប់ពីការធ្លាក់ភ្លៀងខ្លាំងបានបង្កជាទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅតំបន់ភាគនិរតីនៃផ្ទៃប្រទេស ហើយធ្វើឱ្យអ្នកស្រុកមួយចំនួនបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសជប៉ុន បានចេញសារព្រមាននិងណែនាំឱ្យជម្លៀសខ្លួន សម្រាប់អ្នកស្រុកចំនួនជាង ៣លាននាក់ ដែលរស់នៅក្នុងតំបន់ភាគនិរតី។ អ្នកស្រុកប្រមាណ៣៨៤ ០០០នាក់ ភាគច្រើននៅខេត្ត Kumamoto ត្រូវប្រឈម​សារព្រមានជម្លៀសខ្លួនធ្ងន់ធ្ងរជាងគេ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ក្នុងរយៈពេលត្រឹម៦ម៉ោង នាថ្ងៃចន្ទនេះ កម្រិតទឹកភ្លៀងលើសពី​៣៧សង់ទីម៉ែត្រ បានធ្លាក់លើទីក្រុង Tamana នៃខេត្ត Kumamoto ដែលជាកំណត់ត្រាថ្មីមួយ សម្រាប់តំបន់នោះ។

គួរបញ្ជាក់ថា រូបភាពនិងវីដេអូបានបង្ហាញឱ្យឃើញ ផ្ទះសម្បែង ហាងលក់ដូរ និងយានយន្ត នៅតាមសហគមន៍ជាច្រើនក្នុងខេត្ត Kumamoto រងការជន់លិចក្រោមទឹក ជម្រៅប្រហែល១ម៉ែត្រ។ រីឯទឹកទន្លេដែលច្រាលឡើងហួសផុតពីមាត់ច្រាំង ​បានហូរនាំ​យានជំនិះនិងបង្កការខូចខាតចំពោះផ្លូវថ្នល់។ ដោយឡែក តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK មនុស្សយ៉ាងហោច២នាក់ នៅទីក្រុង Fukuoka ត្រូវបានទឹកជន់ហូរកួចយកទឹក និងបន្តបាត់ខ្លួនមកទល់ពេលនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News