Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ពន្យារពេលបទឈប់បាញ់៩០ថ្ងៃបន្ថែមទៀត ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន

BY Liny Chan August 12, 2025
លោក ដូណាល់ ត្រាំ ពន្យារពេលបទឈប់បាញ់៩០ថ្ងៃបន្ថែមទៀត ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១១ ខែសីហា បានចេញបញ្ជាឱ្យពន្យារពេល ៩០ថ្ងៃបន្ថែមទៀត នៅក្នុងការអនុវត្តការយកពន្ធគយកម្រិតខ្ពស់លើ ទំនិញនាំចូលពីចិន តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងបទឈប់បាញ់មួយក្នុងសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងត្រូវផុតសុពលភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីពន្យារពេលការយកពន្ធគយកម្រិតខ្ពស់លើទំនិញនាំចូលពីចិន រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ខណៈបទឈប់បាញ់ក្នុងសង្រ្គាម ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន គ្រោងនឹងផុតសុពលភាពនៅម៉ោង ១២៖០១នាទីយប់ឈានចូលថ្ងៃអង្គារ ទី១២ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោន)។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទើបតែបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលនឹងពន្យារពេលបន្ថែមលើ ការផ្អាកការយកពន្ធគយ (កម្រិតខ្ពស់) លើចិន សម្រាប់រយៈពេល៩០ថ្ងៃបន្ថែមទៀត»

គួរបញ្ជាក់ថា ការពន្យារពេលបន្ថែមនេះ បានផ្អាកការដំឡើងពន្ធគយសងសឹកដាក់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងចិន ដោយកន្លងមក ភាគីអាមេរិកបានគំរាមយកពន្ធគយ ១៤៥ភាគរយ លើទំនិញនាំចូលពីចិន រីឯចិនគំរាមយកពន្ធគយ ១២៥ភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ ខាងភាគីចិនឯណោះវិញក៏បានប្រកាសពីការផ្អាកការយកពន្ធគយ កម្រិតខ្ពស់លើទំនិញនាំចូលពីសហរដ្ឋអាមេរិករយៈពេល៩០ថ្ងៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: