ព័ត៌មានអន្តរជាតិ August 13, 2025

ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំម៉ាឡេស៊ី ជំរុញឱ្យថៃ គោរពតាមបទឈប់បាញ់ជាមួយកម្ពុជា

Liny Chan

(គូឡាឡំាពួ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសម៉ាឡេស៊ី លោក Edgard D. Kagan បានអំពាវនាវឱ្យថៃ និងកម្ពុជា ចៀសវាងពីការធ្វើសកម្មភាពបង្ករឿង ឬការធ្វើសេចក្ដីថ្លែងការណ៍ដែលអាចបំផ្លាញ ដល់បទឈប់បាញ់រវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។

ការអំពាវនាវរបស់លោក Edgard D. Kagan ធ្វើឡើងកាលពីថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទាហានថៃម្នាក់បានជាន់មីននៅក្បែរព្រំដែនកម្ពុជា។ ថៃបានចោទប្រកាន់ថា កម្ពុជាជាអ្នកដាក់ពង្រាយគ្រាប់មីន តែកម្ពុជាបានទាត់ចោលការចោទប្រកាន់នេះ។

លោកឯកអគ្គរដ្ឋទូតអាមេរិកក៏បានសង្កត់ធ្ងន់ផងដែរ ពីសារៈសំខាន់ដែលប្រទេសទាំង២ ត្រូវចាត់វិធានាការសមស្រប ដើម្បីធានាឱ្យបាននូវការគោរព និងអនុវត្តតាមបទឈប់បាញ់។ «ខ្ញុំមិនចង់និយាយថា នរណាជាអ្នកទទួលខុសត្រូវនោះទេ។ ប៉ុន្តែយើងអំពាវនាវឱ្យប្រទេសទាំង២ ចាត់រាល់វិធានការសមស្របដើម្បីធានាឱ្យបានថា យោធា និងបុគ្គលស៊ីវិលរបស់ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីអនុវត្តបទឈប់បាញ់»។
នេះជាការគូសបញ្ជាក់របស់លោក Edgard D. Kagan ក្នុងពិធីមួយនៅឯសណ្ឋាគារ ក្នុងទីក្រុងគូឡាឡាំពួ។

គួរបញ្ជាក់ថា បើតាមលោក Edgard D. Kagan វាជារឿងចាំបាច់ដែលកម្ពុជា និងថៃ ត្រូវអនុវត្តយ៉ាងពេញលេញតាមបទឈប់បាញ់ ហើយការបង្កើតទម្រង់ណាមួយនៃការតាមដានអាចជួយរក្សាទំនុកចិត្ត រវាងប្រទេសទាំង២ នៅចំពោះមុខភាពតានតឹង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News