Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក Wang Yi ជួបសន្ទនាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា

BY Nisaiy KP August 17, 2025
លោក Wang Yi ជួបសន្ទនាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា

(ប៉េកាំង)៖ ថ្ងៃទី ១៤ ខែសីហា លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី១០ នៃយន្តការសហប្រតិបតិ្តការឡាន ឆាង-មេគង្គ នៅក្រុង អាននីង ខេត្តយូណាន ប្រទេសចិន។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ចិននិងកម្ពុជាជាមិត្តដែកថែប ហើយក៏ជាសហគមន៍រួមវាសនាគ្រប់រដូវកាល ដែលបានផ្តល់ការគាំទ្រនិងជួយយកអាសាគ្នាទៅវិញទៅមកជាប់រហូត ។ ប្រទេសចិនគាំទ្រកម្ពុជាក្នុងការគាំពារស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ហើយរីករាយរួមសហការជាមួយកម្ពុជា ដើម្បីជំរុញឱ្យគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាដើរតួនាទីកាន់តែសកម្ម ធ្វើឱ្យក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រមានភាពកាន់តែសម្បូរបែប និងជំរុញឱ្យច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងត្រីនិងអង្ករទទួលបានសមិទ្ធផលកាន់តែច្រើន ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជានាំមក នូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ផងដែរ ។

ជាការឆ្លើយតប លោក ប្រាក់ សុខុនបានថ្លែងថា កម្ពុជានិងចិនជាសហគមន៍រួមវាសនាគ្រប់រដូវកាល កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះ ទំនាក់ទំនងជាមួយចិន និងសូមថ្លែងអំណរគុណដល់មិត្តចិនដែលបានផ្តល់ការគាំទ្រកម្ពុជា ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន កម្ពុជារំពឹងទុកលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីទទួលបានសមិទ្ធផលនៃកិច្ចសហប្រតិបតិ្តការកាន់តែច្រើន ។ កម្ពុជារំពឹងឆ្លងតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកនេះ ដើម្បីជំរុញឱ្យកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងជំរុញវិបុលភាពនិងស្ថិរភាពក្នុងតំបន់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: