Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្ស ៨នាក់បាត់បង់ជីវិត និង ៤នាក់បាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងប្រទេសចិន

BY Nisaiy KP August 17, 2025
មនុស្ស ៨នាក់បាត់បង់ជីវិត និង ៤នាក់បាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងប្រទេសចិន

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសចិន នាថ្ងៃអាទិត្យ ទី១៧ ខែសីហា បានរាយការណ៍ថា គ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅតំបន់ Inner Mongolia ភាគខាងជើង បានផ្តាច់ជីវិតមនុស្ស៨នាក់ និងបណ្តាលឱ្យ ៤នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មនុស្សសរុប ១៣នាក់ ត្រូវបានរាយការណ៍ថា កំពុងតែស្ថិតក្នុងដំណើរកម្សាន្តបោះជំរំ ក្នុងស្រុក Urat Rear Banner នៃតំបន់ inner Mongolia នៅពេលដែលទឹកជំនន់ បានកើតឡើងភ្លាមៗ កាលពីខ្ទង់ម៉ោង១០យប់ថ្ងៃសៅរ៍។ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ មនុស្សម្នាក់ត្រូវបានជួយសង្រ្គោះ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងបន្តសម្រាប់អ្នកដែលនៅបាត់ខ្លួន។

គួរបញ្ជាក់ថា គ្រោះធម្មជាតិជារឿងកើតមានឡើងញឹកញាប់ នៅទូទាំងប្រទេសចិន ជាពិសេសអំឡុងរដូវនេះ នៅពេលតំបន់មួយចំនួន ទទួលរងបាតុភូតភ្លៀងធ្លាក់ខ្លាំង រីឯតំបន់ខ្លះទៀតទទួលការកើនឡើងសីតុណ្ហភាពខ្ពស់។ កាលពីពេលកន្លងទៅក្នុងខែសីហានេះ ទឹកជំនន់និង​គ្រោះរអិលបាក់ដី នៅភាគពាយព្យប្រទេសចិន បានបណ្តាលឱ្យមនុស្សយ៉ាងហោច១៣នាក់បាត់បង់ជីវិត។ រីឯការធ្លាក់ភ្លៀងខ្លាំងនៅរដ្ឋធានីប៉េកាំង បានសម្លាប់មនុស្ស៤៤នាក់កាលពីខែកក្កដា ហើយ៨នាក់ទៀតបានស្លាប់ ក្នុងគ្រោះបំណាក់ដី នៅខេត្ត Hebei ដែលស្ថិតនៅក្បែរគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: