ស្រ្តីទីមួយតួកគី ស្នេីស្រ្តីទីមួយអាមេរិក Melania Trump ឱ្យបញ្ចេញសំឡេង ជុំវិញបញ្ហាកុមារហ្កាហ្សា
(អង់ការ៉ា)៖ ស្រ្តីទីមួយតួកគី លោកស្រី Emine Erdogan បានសរសេរទៅកាន់ភរិយារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោកស្រី Melania Trump ហើយបានជំរុញឱ្យលោកស្រីទាក់ទងទៅកាន់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងលើកឡើងពីស្ថានភាពរបស់កុមារនៅតំបន់ហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ ២០២៥។

លោកស្រី Emine Erdogan សរសេរលិខិតនេះ បន្ទាប់ពីលោកស្រី Melania Trump បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដែលនិយាយអំពីកុមារនៅអ៊ុយក្រែន និងរុស្ស៉ី។
នៅក្នុងខ្លឹមនៃលិខិតនោះ លោកស្រី Emine Erdogan សរសេរ ថា «ខ្ញុំមានជំនឿថា បញ្ហារសើបដែលអ្នក (Melania Trump) បានលេីកឡេីងសម្រាប់កុមារអ៊ុយក្រែនចំនួន ៦៤៨ នឹងត្រូវបានពង្រីកទៅតំបន់ហ្កាហ្សាផងដែរ។ ប៉ុន្មានថ្ងៃនេះ នៅពេលដែលពិភពលោកកំពុងភ្ញាក់រឭកជាសមូហភាព ហេីយការទទួលស្គាល់ប៉ាឡេស្ទីនក្លាយជាឆន្ទៈសកល ខ្ញុំជឿថា ការអំពាវនាវរបស់អ្នកអំពីហ្កាហ្សា នឹងបំពេញការទទួលខុសត្រូវជាប្រវត្តិសាស្ត្រចំពោះប្រជាជនប៉ាឡេស្ទីន»។
គួរបញ្ជាក់ថា ក្រុមឃ្លាំមើលករណីភាពអត់ឃ្លានជាសាកលបានកំណត់កាលពីថ្ងៃសុក្រថាទីក្រុង Gaza City និងតំបន់ជុំវិញនោះកំពុងទទួលរងនូវគ្រោះទុរ្ភិក្ស ហើយទំនងជានឹងរីករាលដាល ដែលគួរតែមានការបង្កេីនសម្ពាធលេីអ៉ីស្រាអែលឱ្យអនុញ្ញាតឱ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

