ព័ត៌មានអន្តរជាតិ August 29, 2025

ទស្សនកិច្ចរបស់លោក Modi នៅចិន នឹងផ្តោតលើបញ្ហាជាច្រើន រាប់ចាប់ពីកំពង់ផែទំនិញ រហូតដល់បញ្ហាទិដ្ឋាការ

Liny Chan

(SHANGHAI, ចិន)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន Xi Jinping។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ ២០២៥។

ការប៉ះទង្គិចគ្នានៅជ្រលងភ្នំ Galwan ក្នុងខែមិថុនា ឆ្នាំ ២០២០ បានរុញច្រានទំនាក់ទំនងចិន-ឥណ្ឌាចូលទៅក្នុងភាពជាប់គាំង គ្មានកិច្ចសន្ទនា ផ្អាកជើងហោះហើរត្រង់ និងបង្កកទិដ្ឋាការជាដើម។ ឥណ្ឌាក៏បានហាមប្រាមកម្មវិធី TikTok និងកម្មវិធីរបស់ចិន ជាង ២០០ផ្សេងទៀត ខណៈការវិនិយោគរបស់ចិន ត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ រីឯភាពការមិនជឿទុកចិត្តគ្នា បានរាលដាលលើសពីវិស័យនយោបាយ។

ខណៈលោក Modi កំពុងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ច ម្ចាស់អាជីវកម្មធំៗរបស់ឥណ្ឌា កំពុងគិតគូពីឡើងវិញអំពីអាជីវកម្មរបស់ខ្លួន និងកត្តានយោបាយ។ ក្រុមហ៊ុនប្រឹក្សាផ្នែកអន្តោប្រវេសន៍ Globevisa Group មានមូលដ្ឋាននៅសិង្ហបុរី ហុងកុង និងទីក្រុងឡុងដ៍ បានប្រាប់ CNA ថាពួកគេបានឃើញការផ្លាស់ប្តូរជាវិជ្ជមាន ចាប់តាំងពីឥណ្ឌា ផ្តល់ទិដ្ឋាការទេសចរណ៍ឡើងវិញសម្រាប់ពលរដ្ឋចិន។

យ៉ាងនេះក្តី សាស្ត្រាចារ្យ និងជានាយកផ្នែកយុទ្ធសាស្រ្ត និងភាពជាដៃគូនៃវេទិកាអ្នកស្រាវជ្រាវ Indic លោក Srinivasan Balakrishnan បាននិយាយថា «ប្រសិនបើខ្ញុំក្រឡេកទៅមើលរយៈពេល ៥ឆ្នាំចុងក្រោយ ការខូចខាតដែលស្ថិតស្ថេរបំផុត មិនគ្រាន់តែជាសេដ្ឋកិច្ច ឬបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការធ្លាក់ចុះនៃភាពនៃការជឿទុកចិត្តគ្នា»។ ចំណែក លោក Manoj Kewalramani ប្រធានផ្នែកសិក្សាពីឥណ្ឌូប៉ាស៉ីហ្វិក នៅវិទ្យាស្ថាន Takshashila ក្នុងទីក្រុង Bangalore បាន​ប្រាប់ CNA ដូច្នេះថា​ «​វាមិន​ត្រឹមតែ​ជា​រឿង​នយោបាយ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់ជាសាធារណៈ​ផងដែរ​។ ការកសាងឡើងវិញមិនធ្វើទៅបាន ដោយគ្រាន់តែមានការប្រជុំមួយ ឬពីរដងនោះទេ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News