ព័ត៌មានអន្តរជាតិ August 31, 2025

នាយករដ្ឋមន្រ្តីរបស់ក្រុមឧទ្ទាមហ៊ូទី និងរដ្ឋមន្រ្តីមួយចំនួនទៀត បាត់បង់ជីវិតក្នុងការវា.យប្រ.ហាររបស់អ៉ីស្រាអែល លើរដ្ឋធានីប្រទេសយេម៉ែន

Nisaiy KP

(សាណា)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន បាននិយាយថា នាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋមន្រ្តីមួយចំនួនផ្សេងទៀតនៃរដ្ឋាភិបាលរបស់ខ្លួន ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយរបស់អ៉ីស្រាអែល លើរដ្ឋធានី Sanaa។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានក្រុមប្រឹក្សានយោបាយរបស់ហ៊ូទី លោក Mahdi al-Mashat បានបន្ថែមថា ក្រៅពីអ្នកស្លាប់ មានមនុស្សជាច្រើននាក់ទៀត បានរងរបួសក្នុងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ខ្លឹមសារលម្អិតជាងនេះទៀត​ឡើយ។ កាលពីថ្ងៃសុក្រ អ៉ីស្រាអែលបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានកំណត់គោលដៅលើថ្នាក់ដឹកនាំ​និងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុមហ៊ូទី ដែលគាំទ្រដោយអ៉ីរ៉ង់ ហើយខ្លួនកំពុងផ្ទៀងផ្ទាត់លទ្ធផលនៃការវាយប្រហារនោះ។

លោក Ahmad Ghaleb al-Rahwi ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីរបស់ហ៊ូទី កាលពីមួយឆ្នាំមុន ប៉ុន្តែមេដឹកនាំពិតជាក់ស្តែង គឺឧបនាយករដ្ឋមន្រ្តីរបស់លោកឈ្មោះ Mohammed Miftah ដែលកាលពីថ្ងៃសៅរ៍ ត្រូវបានតែងតាំងឱ្យទទួលបន្ទុកភារកិច្ចនាយករដ្ឋមន្រ្តី។

លោក Rahwi ត្រូវគេមើលឃើញថាគ្រាន់តែជាអ្នកតំណាងប៉ុណ្ណោះ ដែលមិនស្ថិតក្នុងចង្កោមផ្ទៃក្នុងនៃថ្នាក់ដឹកនាំហ៊ូទីនោះទេ។ លោកធ្លាប់ជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីយេម៉ែន លោក Ali Abdullah Saleh ដែលត្រូវហ៊ូទីទម្លាក់ចេញពីអំណាច នៅទីក្រុង Sanaa កាលពីចុងឆ្នាំ២០១៤ ហើយវាបានបង្កជាសង្រ្គាមស៉ីវិលជាងមួយទសវត្សរ៍មកនេះ ប៉ុន្តែក្រោយមក លោកក៏បានចុះចូលជាមួយហ៊ូទី។ ប្រទេសយេម៉ែន ត្រូវបានបែកខ្ញែករវាងរដ្ឋាភិបាលរបស់ក្រុមឧទ្ទាមហ៊ូទី ដែលមានមូលដ្ឋាន​នៅរដ្ឋធានី Sanaa ហើយនិងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ដែលមានមូលដ្ឋាននៅទីក្រុង Aden ចាប់តាំងពីពេលនោះមក។

គួរបញ្ជាក់ថា ដោយឡែក ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ូទីដែលជាក្រុមមានប្រទេសអ៉ីរ៉ង់នៅពីក្រោយដូចគ្នា បានធ្វើសកម្មភាពវាយប្រហារលើកប៉ាល់នៅតំបន់សមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន។ លើសពីនោះ ពួកគេជារឿយៗក៏បានបាញ់មីស៉ីលសំដៅលើអ៉ីស្រាអែលផងដែរ ប៉ុន្តែភាគច្រើនត្រូវបានបាញ់ស្ទាក់ ហើយអ៉ីស្រាអែលបានឆ្លើយតបវិញ ជាមួយការវាយប្រហារលើ តំបន់ដែលគ្រប់គ្រងដោយហ៊ូទី នៅយេម៉ែន។ យ៉ាងណាមិញ ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ គឺជាការវាយប្រហារដំបូងបំផុត ដើម្បីសម្លាប់មន្រ្តីជាន់ខ្ពស់របស់​ក្រុមហ៊ូទី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews