តុលាការធម្មនុញ្ញថៃ ធ្លាប់ចេញសាលក្រមរំលាយគណបក្សនយោបាយចំនួន១១១ ចាប់តាំងពីឆ្នាំ១៩៩៧ មក
(បាងកក)៖ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ តុលាការធម្មនុញ្ញថៃបានចេញសាលក្រមរំលាយគណបក្សនយោបាយចំនួន ១១១ ក្នុងនោះភាគច្រើនជាគណបក្សគាំទ្រប្រជាធិបតេយ្យ។ តុលាការមួយនេះបានរំលាយគណបក្សចំនួន៣ ដែលត្រូវបានបង្កើត ឬមានទំនាក់ទំនងជាមួយលោក Thaksin ក្នុងនោះរួមានគណបក្ស Thai Rak Thai ក្នុងឆ្នាំ២០០៧ និងគណបក្ស People’s Power Party នៅឆ្នាំ២០០៨ ក្រោមបទចោទថាគណបក្សទាំង២នេះលួចបន្លំសន្លឹកឆ្នោត។

នៅឆ្នាំ២០០៩ គណបក្ស Thai Raksa Chart ជាគណបក្សមួយមានទំនាក់ទំនងជាមួយលោក Thaksin ត្រូវបានតុលាការធម្មនុញ្ញរំលាយចោលសម្រាប់ការធ្វើសកម្មភាព មានចរិតបង្កអរិភាពចំពោះរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្ទាប់ពីបក្សនេះបានតែងតាំងព្រះនាងម្ចាស់ម្នាក់សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។
ក្នុងឆ្នាំ២០២០ គណបក្ស Future Forward ត្រូវបានរំលាយក្រោមបទ ចោទពាក់ព័ន្ធនឹងកម្ចីខុសច្បាប់ និងបានហាមគណៈនាយកប្រតិបត្តិនៃគណបក្សនេះ មិនឱ្យធ្វើនយោបាយ១០ឆ្នាំ។ រហូតដល់ឆ្នាំ២០២៤ គណបក្ស Move Forward ដែលជាអតីតគណបក្ស Future Forward និងដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ ត្រូវបានរំលាយចោលដោយសារតែការធ្វើយុទ្ធនាការទាមទារឱ្យមានការធ្វើកំណែទម្រង់ច្បាប់ ស្ដីពីការប្រមាថព្រះមហាក្សត្រ ដោយតុលាការធម្មនុញ្ញចាត់ទុកថា នេះជាការប៉ុនប៉ងផ្ដួលរំលំរបបរាជានិយមអាស្រ័យលើរដ្ឋធម្មនុញ្ញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
