BREAKING: គណបក្សភឿថៃ ទទួលស្គាល់ថានាយករដ្ឋមន្ត្រីស្ដីទី ស្នើព្រះមហាក្សត្ររំលាយរដ្ឋសភា
(បាងកក)៖ គណបក្សភឿថៃ នៅថ្ងៃពុធ ទី៣ ខែកញ្ញា បាននិយាយថានាយករដ្ឋមន្ត្រីស្ដីទី លោក Phumtham Wechayachai បានស្នើលិខិតមួយដើម្បីស្នើឱ្យព្រះមហាក្សត្រថៃយល់ព្រមរំលាយរដ្ឋសភា បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសទទួលស្គាល់របស់គណបក្សភឿថៃ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនថៃ (People’s Party) នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានសម្រេចចិត្តគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនេះមានន័យថាគណបក្សប្រឆាំងធំជាងគេ បំផុតរបស់ថៃមួយនេះគាំទ្រលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី។
នៅឯសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ លោក Natthaphong Ruengpanyawut ជាមេដឹកនាំបក្សប្រជាជនថៃ គណបក្សរបស់លោកបានឯកភាពលើការគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ដោយបក្សប្រជាជនថៃមានអាសនៈក្នុងរដ្ឋសភា ១៤៣អាសនៈ ការគាំទ្ររបស់បក្សប្រឆាំងនេះនឹងផ្ដល់ឱ្យលោក Anutin និងគណបក្សភូមិចៃនឹងមានសំឡេងភាគច្រើននៅរដ្ឋសភា។ ការសម្រេចចិត្តរបស់បក្សភឿថៃនេះដែរ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងមួយដើម្បីរារាំងកុំឱ្យលោក Anutin ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ឬគណបក្សភូមិចៃបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

