ព័ត៌មានអន្តរជាតិ September 9, 2025

រដ្ឋសភាបារាំង បោះឆ្នោតបណ្ដេញនាយករដ្ឋមន្ត្រីចេញពីតំណែង

Naren

(ប៉ារីស)៖ រដ្ឋសភាបារាំង កាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា បានរំលំរដ្ឋាភិបាលជាមួយការបោះឆ្នោតដកសេចក្ដីទុកចិត្តពីនាយករដ្ឋមន្ត្រី លោក Francois Bayrou ជុំវិញផែនការ កញ្ចប់ថវិការបស់លោក ដោយបង្កជាវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់បារាំងក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ក្នុងតំបន់ចាយ ប្រាក់អឺរ៉ូចុះទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សមាជិករដ្ឋសភាបារាំងបានបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោកនាយករដ្ឋមន្ត្រី Francois Bayrou និងពីរដ្ឋាភិបាលសំឡេងភាគតិចរបស់លោកក្នុងសំឡេងគាំទ្រ ៣៦៤ ទល់នឹង១៩៤សំឡេងជំទាស់។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកំពុងប្រឈមនឹងការអំពាវនាវឱ្យរំលាយរដ្ឋសភា និងចុះចេញពីតំណែង នឹងត្រូវ ស្វែងរកនាយករដ្ឋមន្ត្រីទី៥របស់លោកក្នុងរយៈពេលមិនដល់២ឆ្នាំផងមកនេះ ខណៈការិយាល័យប្រធានាធិបតីបារាំងឱ្យដឹងថាលោក Macron នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថ្មីរបស់បារាំងនឹងត្រូវប្រឈមបញ្ហាដូចគ្នានឹងលោក Francois Bayrou ដែរ នោះគឺការអនុម័តកញ្ចប់ថវិកាជាតិ ដែលជាបញ្ហាដ៏ស្មុគស្មាញមួយ ស្របពេលក្រុមគណបក្សប្រឆាំងកំពុងគ្រប់គ្រងរដ្ឋសភា។ លោក Bayrou នឹងដាក់លិខិតលាលែងពីតំណែងជាផ្លូវការនៅថ្ងៃអង្គារសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News