Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាលស៊ុយអែត ដួលសន្លប់ពេលកំពុងធ្វើសន្និសីទកាសែតថ្ងៃចូលកាន់តំណែងដំបូង

BY Naren September 11, 2025
រដ្ឋមន្រ្តីសុខាភិបាលស៊ុយអែត ដួលសន្លប់ពេលកំពុងធ្វើសន្និសីទកាសែតថ្ងៃចូលកាន់តំណែងដំបូង

(ស្តុកខុល)៖ កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា លោកស្រី Elisabet Lann ដែលជារដ្ឋមន្រ្តីសុខាភិបាល ទើបតែងតាំងថ្មីរបស់ប្រទេសស៊ុយអែត ស្រាប់តែបានដួលសន្លប់ នៅពេលកំពុងឈរធ្វើសន្និសីទកាសែត ក្នុងថ្ងៃចូលបំពេញការងារដំបូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN។

ហេតុការណ៍ខាងលើ បានកើតឡើងអំឡុងពេល ដែលរដ្ឋមន្រ្តីវ័យ៤៨ឆ្នាំរូបនោះ ឈរនៅទន្ទឹមគ្នាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson និងប្រធានគណបក្ស Christian Democrats លោកស្រី Ebba Busch ដើម្បីរង់ចាំឆ្លើយសំណួររបស់​ក្រុមអ្នកសារព័ត៌មាន។ ស្រាប់តែសុខៗ លោកស្រី Lann ក៏បានទន់ជើងហើយដួលទៅខាងមុខសន្លប់បាត់ស្មារតី ខណៈគ្រប់គ្នាក៏បានស្ទុះទៅជួយមើលលោកស្រីភ្លាមៗ។

មួយសន្ទុះបន្ទាប់ពីត្រូវបានគេជួយនាំចេញពីកន្លែងសន្និសីទកាសែត លោកស្រី Lann ក៏បានត្រឡប់មកវិញ ហើយលោកស្រី ក៏បានបកស្រាយអំពីមូលហេតុ ដែលបណ្តាលឱ្យខ្លួន ដួលសន្លប់មួយភ្លែតបែបនោះ។ លោកស្រី បាននិយាយយ៉ាងដូច្នេះថា «នេះមិនមែនជាថ្ងៃអង្គារធម្មតាមួយនោះទេ ហើយនេះគឺជាអ្វីដែលអាចកើតឡើង នៅពេលដែលមានអ្នកមានកម្រិតជាតិស្ករក្នុងឈាម ធ្លាក់ចុះ»

គួរបញ្ជាក់ថា លោកស្រី Lann ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសុខាភិបាលថ្មីរបស់ស៊ុយអែត កាលពីថ្ងៃអង្គារ ក្រោយការលាលែង​របស់លោកស្រី Acko Ankarberg Johansson កាលពីថ្ងៃចន្ទ។ លោកស្រី Johansson បានកាន់តួនាទីរដ្ឋមន្រ្តីសុខាភិបាល អស់រយៈពេល៣ឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: