ក្រុមហ៊ុនអឺរ៉ុបមួយចំនួន ប្រឈមមុខនឹងការបិទអាជីវកម្ម ដោយសារតែចិនបន្តរឹតបន្តឹងការនាំចេញរ៉ែកម្រ ក្រោយកិច្ចព្រមព្រៀង
(ប៉េកាំង)៖ សភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅប្រទេសចិន បានឱ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបមួយចំនួនអាចត្រូវបិទទ្វារ និងរងការខាតបង់ធ្ងន់ធ្ងរ ខណៈទីក្រុងប៉េកាំងនៅតែបន្តការវិធានការតឹងរ៉ឹងលើការនាំចេញរ៉ែកម្រ ទោះជាមានកិច្ចព្រមព្រៀងពន្លឿការដឹកជញ្ជូនទៅកាន់ប្លុក កាលពីខែកក្កដាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៥។

អំឡុងកិច្ចប្រជុំកំពូលខែកក្កដា រវាងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ចិនបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណដឹកជញ្ជូនឆាប់រហ័ស នូវវត្ថុធាតុដើមសំខាន់ៗសម្រាប់ក្រុមហ៊ុនអឺរ៉ុប។ ប្រធានសភាពាណិជ្ជកម្ម លោក Jens Eskelund និយាយថា «យើងនៅតែឃើញមានភាពជាប់គាំង សម្រាប់សមាជិករបស់យើង។ យើងអាចនិយាយបានថា មិនឃើញមានការផ្លាស់ប្តូរធំដុំទេ ចាប់តាំងពីកិច្ចប្រជុំកំពូលនោះមក»។
តាមលោក Eskelund Eskelund ក្នុងចំណោមពាក្យសុំអាជ្ញាប័ណ្ណនាំចេញចំនួន ១៤០ មានតែជិតពាក់កណ្តាលប៉ុណ្ណោះ ដែលត្រូវបានអាជ្ញាធរចិនអនុម័ត។ ក្រុមហ៊ុនមួយចំនួនបាននិងកំពុងដាក់ពាក្យសុំទុកមុន ដោយសារការពន្យារពេលដឹកជញ្ជូន អាចបណ្តាលឱ្យខាតបង់កាន់តែច្រើន។
គួរបញ្ជាក់ថា បន្ទាប់ពីទីក្រុងប៉េកាំង ដាក់ចេញនូវវិធានការគ្រប់គ្រងរ៉ែកម្រ និងសមាសធាតុពាក់ព័ន្ធមួយចំនួន ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើចិន ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប និងកន្លែងផ្សេងទៀតក៏បានពន្យារពេលផលិតកម្មរបស់ខ្លួន ឬបិទផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

