អគារទីស្នាក់ការរបស់កងទ័ពជើងគោកថៃ ត្រូវភ្លើងឆេះ ខណៈការសន្និដ្ឋានបឋម គឺអាចមកពីឆ្លងចរន្តអគ្គិសនី
(បាងកក)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញានេះ គ្រោះអគ្គិភ័យធំមួយបានកើតឡើង នៅសាលហូបអាហារ ហើយរាលដាលដល់បន្ទប់ដទៃទៀត នៅជាន់ទី៦ នៃអគារទីស្នាក់ការកណ្តាលរបស់កងទ័ពជើងគោកប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

អ្នកនាំពាក្យទីស្នាក់ការយោធាថៃ បានប្រាប់ថា យោងតាមការស៉ើបអង្កេតជាបឋម គឺអគ្គិភ័យខាងលើ ទំនងជាបង្កឡើងដោយសារបញ្ហាឆ្លងចរន្តអគ្គិសនី ហើយពុំមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការខូចខាតធ្ងន់ធ្ងរចំពោះសំណង់អគារនោះទេ។ កងកម្លាំងសន្តិសុខ និងប៉ូលិសយោធាថៃ ភ្លាមៗបានប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ដើម្បីព្យាយាមពន្លត់ភ្លើង ប៉ុន្តែក្រោយមក ពួកគេក៏បានទាក់ទងទៅកាន់ទីភ្នាក់ងារពន្លត់អគ្គិភ័យ និងបុគ្គលិកពាក់ព័ន្ធដទៃទៀត ខណៈស្ថានការណ៍នាពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងបានវិញហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
