នាយករដ្ឋមន្រ្តីថៃ អនុទីន៖ នៅពេលរដ្ឋាភិបាលរបស់លោកចាប់ផ្តើមបំពេញការងារជាផ្លូវការ លោកនឹងស្តាប់អ្នកនៅព្រំដែន ហើយបញ្ហាគួរតែគោរពគ្នាទៅវិញទៅមក
(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានលើកឡើងពាក់ព័ន្ធអំពីការប៉ះទង្គិចគ្នារវាងទាហានថៃ និងប្រជាជនកម្ពុជា នៅភូមិ Nong Ya Kaeo ក្នុងខេត្ត Sa Kaeo។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

នាឱកាសនោះ លោក Anutin បាននិយាយថា បញ្ហានេះគួរតែដោះស្រាយនិងពន្យល់បកស្រាយដោយយោធា ហើយពួកយើងគួរតែគោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តីថៃ បានបន្តថា តំបន់នោះឥឡូវស្ថិតក្រោមច្បាប់អាជ្ញាសឹក ដូច្នេះអំណាចនៃការសម្រេចចិត្តគឺស្ថិតនៅលើយោធា។
លោក Anutin មិនទាន់ចាប់ផ្តើមដឹកនាំប្រទេសថៃជាផ្លូវការនៅឡើយទេ ប៉ុន្តែបានសន្យាចំពោះអាជ្ញាធរដែលទទួលបន្ទុកផ្នែកសន្តិសុខថា នៅពេលរដ្ឋាភិបាលរបស់លោក ចាប់ផ្តើមចូលបំពេញការងារជាផ្លូវការ រូបលោកនឹងស្តាប់តាមអ្នកនៅព្រំដែន និងអ្នកទទួលបន្ទុកផ្ទាល់លើបញ្ហាព្រំដែន ដូចជារឿងបើកព្រំដែនជាដើម។ លោកបានបន្ថែមថា មិនគួរមានសន្និដ្ឋានណាមួយឡើយ ព្រោះឥឡូវច្រកព្រំដែន មិនទាន់បើកវិញនៅឡើយទេ។
ដោយឡែក ពាក់ព័ន្ធលិខិតរបស់នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើទៅកាន់ប្រធានអាស៊ាន និងបណ្តាមេដឹកនាំពិភពលោក លោក Anutin បាននិយាយថា មេដឹកនាំរបស់ប្រទេសនានា ចាំបាច់ត្រូវតែការពារផលប្រយោជន៍របស់ប្រទេសជាតិពួកគេផ្ទាល់ ដូចទៅនឹងមេដឹកនាំរបស់ប្រទេសថៃ ដែលចាំបាច់ត្រូវការពារផលប្រយោជន៍ជាតិខ្លួនធំជាងប្រទេសដទៃៗ ឬហេតុផលណាផ្សេងក៏ដោយ។ លោក Anutin បានអះអាងថា ផលប្រយោជន៍របស់ថៃ គឺសន្តិភាព ស្ថិរភាព អធិបតេយ្យរបស់ប្រទេស ហើយនិងសុវត្ថិភាពរបស់ប្រជាជន។ លោកបានសង្កត់ធ្ងន់ជាចុងក្រោយថា យើងប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលការណ៍នេះ ហើយនឹងមិនផ្លាស់ប្តូរដាច់ខាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

