Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកង Secret Service ស៊ើបអង្កេតលើបញ្ហាគាំងជណ្ដើរយន្ដនៅ UN

BY Liny Chan September 25, 2025
លោក ដូណាល់ ត្រាំ បញ្ជាឱ្យកង Secret Service ស៊ើបអង្កេតលើបញ្ហាគាំងជណ្ដើរយន្ដនៅ UN

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា បាននិយាយថាកងការពារប្រធានាធិបតីអាមេរិក ឬ Secret Service បាន និងកំពុងស៊ើបអង្កេតលើអ្វីដែលលោក ហៅថា «សកម្មភាពវិទ្ធង្សនា» នៅឯអង្គសហប្រជាជាតិ (UN) ដែលធ្វើឱ្យជណ្ដើរយន្ដគាំង អេក្រង់អានសុន្ទរកថារលត់ និងបញ្ហាសំឡេងបង្កការរំខានដល់ការបង្ហាញខ្លួនរបស់លោកនៅ UN។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានរៀបរាប់ថារូបលោក និងភរិយា ប៊ិះតែដួលធ្លាក់នៅពេលជណ្ដើរយន្ដគាំង ហើយលោកថែមទាំងអំពាវនាវឱ្យចាប់ខ្លួនអ្នកដែល ទទួលខុសត្រូវលើឧបទ្ទវហេតុនេះទៀតផង។ តាមលោក ត្រាំ អេក្រង់អានសុន្ទរកថារបស់លោកក៏បានរលត់ផងដែរ នៅពេលរូបលោកចាប់ផ្ដើមថ្លែងសុន្ទរកថានៅឯមហាសន្និបាត UN លើកទី៨០ ហើយថា មេដឹកនាំពិភពលោកប្រហែលស្ដាប់មិនឮរូបលោកនិយាយដោយសារប្រព័ន្ធសំឡេងមានបញ្ហា។ «វាមិនមែន១លើកទេ តែវាជាបញ្ហាកើតឡើង៣លើកជាប់ៗគ្នា»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។

ក្រុមមន្ត្រី UN បាននិយាយថាមុខងារសុវត្ថិភាពរបស់ជណ្ដើរយន្ដត្រូវបានផ្អាកដំណើរការដោយចៃដន្យ រីឯអេក្រង់អានសុន្ទរកថារបស់លោក ត្រាំ គឺត្រូវបានធ្វើប្រតិបត្តិការដោយសេតវិមាន មិនមែនដោយ UN នោះទេ។ ក្រោយឧបទ្ទវហេតុទាំងនេះកើតឡើង លោក ត្រាំ បានស្នើទៅកាន់ UN ឱ្យរក្សាទុកកាមេរ៉ាសុវត្ថិភាព និងទាមទារឱ្យមានការស៊ើបអង្កេត។ លោកបន្តថាកង Secret Service កំពុងស៊ើបអង្កេត លើឧបទ្ទវហេតុទាំងនេះហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: