Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មន្ត្រីកូរ៉េខាងត្បូង លើកឡើងពីលទ្ធភាពនៃជំនួបអាមេរិក-កូរ៉េខាងជើង ក្នុងឆ្នាំនេះ

BY Nisaiy KP September 28, 2025
មន្ត្រីកូរ៉េខាងត្បូង លើកឡើងពីលទ្ធភាពនៃជំនួបអាមេរិក-កូរ៉េខាងជើង ក្នុងឆ្នាំនេះ

(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថាលទ្ធភាពនៃការរៀបចំជំនួបមួយរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនាឱកាសនៃកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនអាចត្រូវបានច្រានចោលឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំងកាន់តែជ្រៅ ចាប់តាំងពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៩ បានទទួលបរាជ័យ ជុំវិញការដកទណ្ឌកម្ម និងការធ្វើសម្បទានពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើង បានប្រកាសម្ដងហើយម្ដងទៀតថាឋា​ន​ៈជារដ្ឋមានអាវុធនុយក្លេអ៊ែររបស់ខ្លួនមិនអាចកែប្រែបានទេ បើទោះជាលោក គីម កាលពីពេលថ្មីៗនេះបានបង្ហាញពីឆន្ទៈបើក កិច្ចសន្ទនាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។​

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី២៦ ខែកញ្ញា នៅក្នុងទីក្រុងញូវយ៉កថាកិច្ចចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចនឹងកើតឡើងនាឱកាសនៃកិច្ចប្រជុំកំពូល APEC ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែតុលាខាងមុខ។ «យើងមិនអាចច្រានចោលលទ្ធភាពដែលអាចទៅរួចនោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីដដែល នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃការរៀបចំកិច្ចចរចារវាងលោក ត្រាំ និងលោក គីម។

គួរបញ្ជាក់ថា លោក ត្រាំ ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុង Gyeongju កូរ៉េខាងត្បូង ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំនេះដែរ។ លោក ត្រាំ និងលោក គីម ធ្លាប់បានជួបគ្នា៣លើករួចមកហើយក្នុងអាណត្តិទី១របស់លោក ត្រាំ ហើយលោក ត្រាំផ្ទាល់ធ្លាប់បាន លើកឡើងកាលពីខែសីហាកន្លងទៅថាលោកសង្ឃឹមថាអាចនឹងជួបលោក គីម ជាថ្មីនៅក្នុងឆ្នាំនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: