ឥណ្ឌូណេស៉ី៖ ក្រុមសង្រ្គោះកំពុងរុករកមនុស្ស៣៨នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់ស្រុតអគារសាលារៀន នៅខេត្ត East Java ដែលបានសម្លាប់មនុស្សយ៉ាងហោចម្នាក់
(ហ្សាការតា)៖ នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ក្រុមសង្រ្គោះឥណ្ឌូណេស៉ី កំពុងបន្តព្យាយាមស្វែងរកមនុស្សចំនួន៣៨នាក់ ដែលអាចនៅជាប់ក្រោមគំនរបាក់បែកនៃអគារសាលារៀនអ៉ីស្លាមមួយខ្នង ដែលបានបាក់ស្រុតនៅខេត្ត East Java អំឡុងពេលមនុស្សជាច្រើននាក់ ប្រមូលផ្តុំគ្នាធ្វើការថ្វាយបង្គំពេលថ្ងៃត្រង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង១០២នាក់ត្រូវបានជម្លៀសចេញ ក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ នៅសាលារៀន Al Khoziny ស្ថិតក្នុងក្រុង Sidoarjo នៅពេលអគារសាលារៀននោះ ដែលមួយជាន់ស្ថិតក្រោមការសាងសង់ ស្រាប់តែបានបាក់ស្រុតចុះមក។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌូណេស៉ី មានទាំងសិស្សនិងកម្មករ ដែលស្ថិតក្នុងអគារពេលកើតហេតុ ហើយអ្នករងរបួសជិត ៨០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បានប្រាប់ថា គ្រឹះរបស់អគារ ទំនងជាមិនអាចគាំទ្រទម្ងន់នៃការដ្ឋានសាងសង់ នៅឯជាន់ទី៤បាន ទើបបណ្តាលឱ្យកើតមានឧបទ្ទវហេតុនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

