ចំនួនអ្នកបាត់បង់ជីវិតដោយសារព្យុះទីហ្វុង Bualoi នៅវៀតណាម កើនដល់ ៣៦នាក់ និងបាត់ខ្លួន២១នាក់
(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុង Bualoi និងគ្រោះទឹកជំនន់ដែលវាបង្កឡើង បានកើនដល់យ៉ាងហោច៣៦នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ចំណែកមនុស្ស២១នាក់ទៀត នៅបន្តបាត់ខ្លួន។ ជាមួយគ្នានេះ ការវាយប្រហារនៃព្យុះខាងលើ បានបំផ្លិចបំផ្លាញផ្លូវ សាលារៀន និងសំណង់ផ្សេងៗទៀត ហើយបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនរាប់ពាន់គ្រួសារ។ ផ្ទះសម្បែងសរុបច្រើនជាង ២១០ ០០០ខ្នង បានរងខាតខូចខាតឬជន់លិច ខណៈផ្ទៃដីដាំដុះស្រូវនិងដំណាំផ្សេងទៀតទំហំលើស៥១ ០០០ហិកតា ត្រូវបានបំផ្លាញ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Bualoi បានបោកបក់មកដល់តំបន់ភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ យោងតាមការព្យាកររបស់អាជ្ញាធរវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ ការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះ Bualoi មានទំហំខ្ទង់១១.៥ទ្រីលានដុល្លារ ឬ៤៣៥.៨០លានដុល្លារ កើនឡើងពីការព្យាករក្នុងរបាយការណ៍ កាលពីថ្ងៃពុធ ដែលមានទំហំ៣០៣លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




