Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ទីក្រុងហាណូយ រងការជន់លិចជាថ្មី ខណៈរដូវកាលព្យុះនាំភ្លៀងធ្លាក់ថែមទៀត ទៅកាន់ភាគខាងជើងប្រទេសវៀតណាម

BY Liny Chan October 7, 2025
ទីក្រុងហាណូយ រងការជន់លិចជាថ្មី ខណៈរដូវកាលព្យុះនាំភ្លៀងធ្លាក់ថែមទៀត ទៅកាន់ភាគខាងជើងប្រទេសវៀតណាម

(ហាណូយ)៖ ភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលព្យុះ Matmo បង្កឱ្យមានទឹកជំនន់តាមផ្នែកខ្លះនៃទីក្រុងហាណូយ នៅថ្ងៃអង្គារ ទី៧ ខែតុលា ដែលជាការជន់លិចថ្មីទៀត បន្ទាប់ពីជំនន់ទឹកភ្លៀងកើតឡើងជាបន្តបន្ទាប់ ក្នុងរដ្ឋធានីរបស់វៀតណាមមួយនេះ ក្នុងរយៈពេលមួយខែ ខណៈដែលមានព្យុះបោកបក់ពាសពេញតំបន់ភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្លៀងខ្លាំងបានជន់លិចផ្លូវសំខាន់ៗ ធ្វើឱ្យម៉ូតូ និងរថយន្តជាប់គាំង បង្ខំឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមកំភួនជើង។ ខណ្ឌនានាខាងក្នុងទីក្រុងហាណូយ រងផលប៉ះពាល់ជាងគេ ដោយប្រព័ន្ធបង្ហូរទឹកពិបាកទប់ទល់នឹងបរិមាណទឹកភ្លៀង។ សាលារៀនមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ឬប្តូរទៅរៀនតាមអនឡាញ រីឯជើងហោះហើរចេញ-ចូលជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវពន្យារពេល ឬកំណត់កាលវិភាគឡើងវិញ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ព្យុះទីហ្វុង Bualoi បាននាំឱ្យមានទឹកជំនន់ក្នុងទីក្រុងហាណូយ ឆក់យកជីវិតមនុស្ស ៥១នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ ៦០០លានដុល្លារ។ ប្រជាជនខ្លះទើបនឹងបោសសម្អាតកម្ទេចកម្ទីក្រោយព្យុះ មុនការមកដល់ថ្មីនៃព្យុះ Matmo៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: