ឥណ្ឌូណេស៉ី បិទបញ្ចប់ការស្វែងរកជនរងគ្រោះក្នុងករណីរលំអគារសាលារៀន ខណៈតួលេខអ្នកបាត់បងជីវិតចុងក្រោយគឺ ៦៧នាក់
(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បាននិយាយថា នាថ្ងៃអង្គារ ទី៧ ខែតុលា កិច្ចប្រឹងប្រែងស្វែងរកជនគ្រោះ ក្នុងករណីបាក់ស្រុតអគារសាលារៀន កាលពីសប្តាហ៍កន្លងទៅ គឺបានបិទបញ្ចប់ហើយ ជាមួយតួលេខអ្នកស្លាប់ផ្លូវការចុងក្រោយ ៦៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានទីភ្នាក់ងារជាតិរុករកនិងជួយសង្រ្គោះរបស់ឥណ្ឌូណេស៉ី លោក Mohammad Syafii បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «ឈានចូលដល់ថ្ងៃទី៩ យើងបានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក និងសង្រ្គោះសម្រាប់ជនរងគ្រោះ»។ នាយកផ្នែកប្រតិបត្តិការរបស់ទីភ្នាក់ងារ លោក Yudhi Bramantyo បាននិយាយថា ក្រុមសង្រ្គោះនាថ្ងៃអង្គារនេះ បានរុះរើគំនរបាក់បែកចេញអស់ហើយ នៅកន្លែងដួលរលំអគារ និងបានពិនិត្យមើលទីតាំងស្រុង ហើយសន្មត់ថា ទំនងជានឹងមិនមានសាកសពបន្ថែមទៀត ដែលនឹងត្រូវរកឃើញនោះទេ។
គួរបញ្ជាក់ថា អគារសាលារៀនខាងលើ ដែលជាសាលាអ៉ីស្លាម និងមានច្រើនជាន់ ស្រាប់តែបានបាក់ស្រុតភ្លាមៗនៅកោះជ្វា កាលពីថ្ងៃចន្ទដើមសប្តាហ៍មុន ស្របពេលដែលសិស្សកំពុងជួបជុំគ្នា ដើម្បីធ្វើការថ្វាយបង្គំប្រចាំថ្ងៃ។ បើតាមលោក Yudhi មានជនរងគ្រោះសរុបប្រហែល១៧០នាក់ ស្ថិតក្នុងហេតុការណ៍នោះ ដោយ៦៧នាក់បានបាត់បង់ជីវិត ក្នុងនោះរួមមានទាំងបំណែកសាកសព៨ផ្នែក ខណៈមនុស្ស១០៤នាក់ បានរួចរស់ជីវិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


