ព័ត៌មានអន្តរជាតិ October 14, 2025

ព្យុះកំបុតត្បូងដ៏កម្រវាយប្រហារខេត្តសាមុតប្រាកានរបស់ថៃ បំផ្លាញផ្ទះសម្បែងជាច្រើនខ្នង

Liny Chan

(បាងកក)៖ ព្យុះកំបុតត្បូងដ៏កម្រមួយបានវាយប្រហារតំបន់នៃឃុំ Preng នៃខេត្ត Samut Prakan ប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។

ប្រជាពលរដ្ឋដែលរងគ្រោះម្នាក់បានរៀបរាប់ថា គាត់មិនដែលធ្លាប់ឃើញហេតុការណ៍បែបនេះពេញមួយជីវិតរបស់គាត់ឡើយ ហើយវាពិតជាគួរខ្លាចខ្លាំងណាស់ ខណៈដែលកម្លាំងខ្យល់បានបំផ្លាញផ្ទះទាំងមូល មិនមែនត្រឹមតែដំបូលនោះទេ។ ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ក៏បានថតវីដេអូនៃហេតុការណ៍នេះ បង្ហាញពីទិដ្ឋភាពខ្យល់កួចបឺតយកទ្រព្យសម្បត្តិឡើងទៅលើអាកាស។

គួរបញ្ជាក់ថា បើតាមរបាយការណ៍បឋម មានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ ៥ខ្នង បានរងការខូចខាតក្នុងហេតុការណ៍នេះ ខណៈអាជ្ញាធរកំពុងវាយតម្លៃការខូចខាតបន្ថែម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News