ព័ត៌មានអន្តរជាតិ October 19, 2025

នារីតារាចម្រៀង និងតារាម៉ូដែល ជនជាតិបេឡារុសម្នាក់ បានបាត់បង់ជីវិត ក្រោយត្រូវគេបញ្ឆោតឱ្យទៅប្រទេសថៃ

Nisaiy KP

(ហុងកុង)៖ នារីអាយុ២៦ឆ្នាំម្នាក់ ដែលជាតារាចម្រៀងនិងតារាម៉ូដែលជនជាតិបេឡារុស ត្រូវបានគេសម្លាប់ រួចថែមទាំងវះយកសរីរាង្គ បន្ទាប់ពីនាងបានចាញ់បោកគេទៅកាន់ប្រទេសថៃ ហើយត្រូវបានជួញដូរឱ្យទៅបម្រើការ នៅកន្លែងប្រព្រឹត្តអំពើឆបោកតាមអនឡាញ នៅឯប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានហុងកុង The Standard ក្នុងសប្តាហ៍នេះ។

នារីខាងលើមានឈ្មោះ Vera Kravtsova ដែលជាដំបូង ត្រូវបានគេបោកបញ្ឆោតឱ្យទៅកាន់ប្រទេសថៃ ដើម្បីបានការងារជាម៉ូដែល ប៉ុន្តែនៅពេលទៅដល់ទីក្រុងបាងកក កាលពីខែកញ្ញា រូបនាងក៏ត្រូវបានគេនាំឆ្លងព្រំដែនទៅប្រទេសមីយ៉ាន់ម៉ា ហើយបង្ខំឱ្យធ្វើការ​​បម្រើកន្លែងប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅទីក្រុង Yangon ទៅវិញ។

បន្ទាប់ពីពុំសូវស្តាប់បង្គាប់ និងធ្វើការឆបោកមិនបានល្អតាមគោលដៅកំណត់ នាង Kravtsova ត្រូវបានពួកឧក្រិដ្ឋជននោះ សម្រេចចិត្តលក់បន្តឱ្យទៅពួកសង្គមងងឹតជួញដូរសរីរាង្គមនុស្ស កាលពីដើមខែតុលានេះ ហើយក៏ត្រូវបានគេសម្លាប់។ ក្រោយមក សាកសពនាងត្រូវបានបូជា ខណៈពួកឧក្រិដ្ឋជន បានទាក់ទងទៅគ្រួសាររបស់នាង ហើយទាមទារប្រាក់កន្លះលានដុល្លារ ដើម្បីអាចបានអដ្ឋិធាតុនាងត្រឡប់ទៅវិញ។

ក្រសួងការបរទេសនៃប្រទេសបេឡារុស ក៏បានទទួលស្គាល់ករណីខាងលើផងដែរ ហើយនាពេលនេះ កំពុងជួយគ្រួសារជនរងគ្រោះ តាមរយៈច្រកការទូត។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិ ជនរងគ្រោះនៃអំពើជួញដូរមនុស្សសរុបខ្ទង់សែននាក់ និងចម្រុះជាតិសាសន៍ កំពុងត្រូវបានបង្ខាំងទុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ខំឱ្យធ្វើការតាមកន្លែងប្រព្រឹត្តអំពើឆបោកអនឡាញ ប្រៀបដូចជាទាសករសម័យទំនើប ខណៈប្រទេសថៃត្រូវបានកំណត់មុខសញ្ញាថា ជាគោលដៅចម្បង ដែលពួកឧក្រិដ្ឋជនប្រើប្រាស់​ ដើម្បីបញ្ឆោតជនរងគ្រោះឱ្យទៅធ្វើដំណើរទៅកាន់ មុននាំទៅមីយ៉ាន់ម៉ាផ្ទាល់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews