ព័ត៌មានអន្តរជាតិ October 20, 2025

បង់ក្លាដែស ដំណើរការអាកាសយានដ្ឋានទីក្រុង Dhaka ឡើងវិញ ក្រោយហេតុកាណ៍ឆេះកន្លែងផ្ទុកទំនិញ

Liny Chan

(ដាក្កា)៖ ជើងហោះហើរនៅឯអាកាសយានដ្ឋានដ៏សំខាន់របស់រដ្ឋធានី Dhaka នៃប្រទេសបង់ក្លាដែស បានធ្វើប្រតិបត្តិការឡើងវិញហើយ បន្ទាប់ពីមានហេតុការណ៍ឆេះកន្លែងផ្ទុកទំនិញ ដែលបាននាំឱ្យអាកាសយានដ្ឋានត្រូវផ្អាកដំណើរការទាំងស្រុង កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិនៃអាកាសយានដ្ឋានអន្តរជាតិ Hazrat Shahjalal ត្រូវរងផលប៉ះពាល់ ដោយសារតែអគ្គីភ័យនោះ។ ក្រសួងអាកាសចរណ៍ស៉ីវិល និងទេសចរណ៍បង់ក្លាដែស បញ្ជាក់ថា «ជំហាននានាត្រូវបានដាក់ចេញ ដើម្បីកំណត់មូលហេតុនៃការឆេះ និងអនុវត្តវិធានការទប់ស្កាត់ឧប្បត្តិហេតុបែបនេះ នាពេលអនាគត»។

តាមលោក Kabir Ahmed ប្រធានសមាគមក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស International Air Express នៃប្រទេសបង់ក្លាដែស វាលឿនពេកក្នុងការប៉ាន់ស្មានពីតម្លៃខាតបង់ពិតប្រាកដ ប៉ុន្តែផលប៉ះពាល់ជារួមដោយផ្ទាល់ និងដោយប្រយោលលើការនាំចូល-នាំចេញ អាចលើសពី ១ពាន់លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News