CNN: គម្រោងជំនួបរវាងលោក ត្រាំ និងលោក ពូទីន នៅប្រទេសហុងគ្រី អាចជាប់គាំង ឬត្រូវពន្យារពេល
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN បានរាយការណ៍ថា ក្តីសង្ឃឹមរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបើកកិច្ចប្រជុំមួយនាពេលឆាប់ៗ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុងប៊ុយដាប៉ែសរបស់ប្រទេសហុងគ្រី អាចកំពុងជាប់គាំង ឬក៏ត្រូវពន្យារពេល បន្ទាប់ពីជំនួបរវាងប្រមុខការទូតនៃប្រទេសទាំងពីរ ក្នុងសប្តាហ៍នេះ ត្រូវបានលើកពេលជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោយនិយាយទូរសព្ទជាមួយ លោក ពូទីន កាលពីសប្តាហ៍មុន ហើយអះអាងថា នឹងជួបមុខគ្នាផ្ទាល់នៅទីក្រុងប៊ុយដាប៉ែស ក្នុងពេល២សប្តាហ៍ខាងមុខ លោក ត្រាំ បានប្រាប់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងជួបពិភាក្សាគ្នាក្នុងសប្តាហ៍នេះ។
យ៉ាងណាមិញ CNN ដោយផ្អែកលើប្រភពពីមន្រ្តីសេតវិមាន បានរាយការណ៍ថា គម្រោងជំនួបរវាងលោក Marco និងលោក Lavrov ពេលនេះ ត្រូវលើកពេលជាបណ្តោះអាសន្ន ហើយជំនួសមកវិញ អ្នកទាំងពីរបានសន្ទនាគ្នាតាមទូរសព្ទកាលពីថ្ងៃចន្ទ ដើម្បីជជែកអំពីជំហានបន្ទាប់។
គួរបញ្ជាក់ថា ជំនួបរវាងលោករដ្ឋមន្រ្តីការបរទេសអាមេរិកនិងរុស្ស៉ី ត្រូវបានមើលឃើញថា ជាជំហានសំខាន់មួយ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបើកកិច្ចប្រជុំកំពូលជាលើកទី២ រវាងលោក ត្រាំ និងលោក ពូទីន ក្នុងឆ្នាំនេះ។ មេដឹកនាំទាំងពីរ បានជួបគ្នាម្តងកាលពីខែសីហាកន្លងទៅ នៅរដ្ឋ Alaska របស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន ប៉ុន្តែជំនួបពេលនោះ មិនបានជួយនាំឱ្យឈានដល់កិច្ចព្រមព្រៀងណាមួយទេ ខណៈប្រភពពីខាងមន្រ្តីអាមេរិកនិងរុស្ស៉ី បានបង្ហើបថា វានៅមានការខ្វែងគំនិតគ្នាខ្លាំង អំពីរបៀបដើម្បីបិទបញ្ចប់សង្រ្គាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

