Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងជួបលោក ស៊ី ជីនពីង ក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៣០ ខែតុលា

BY Liny Chan October 24, 2025
លោក ត្រាំ នឹងជួបលោក ស៊ី ជីនពីង ក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៣០ ខែតុលា

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលាបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសកូរ៉េខាងត្បូង ហើយនេះជាការទទួលស្គាល់ថាជំនួបដែលត្រូវបានរំពឹងទុកជាយូរមកហើយនឹងប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមហាយក្សសេដ្ឋកិច្ចពិភពលោកទាំង២ កំពុងមានភាពតានតឹងពាណិជ្ជកម្មនឹងគ្នាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថាលោក ត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ហើយក្រោយមកទើបបន្តដំណើរឆ្ពោះទៅកាន់ជប៉ុន និងកូរ៉េខាងត្បូង។ តាមសេតវិមាន លោក ត្រាំ នឹងត្រូវជួបលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ បន្ទាប់ពី ថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលកម្រិត CEO នៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុងប៊ូសាន។

លោកស្រី Karoline Leavitt បានគូសបញ្ជាក់ថា «នៅព្រឹកថ្ងៃព្រហស្បតិ៍ (សប្ដាហ៍ក្រោយ ម៉ោងក្នុងតំបន់) លោកប្រធានាធិបតី ត្រាំ នឹងត្រូវចូលរួមក្នុងជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតី ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន មុនត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ»

គួរបញ្ជាក់ថា ការទទួលស្គាល់ពីជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង កើតមានឡើងបន្ទាប់ពីមានភាពស្រពេចស្រពិលអស់ជាច្រើនសប្ដាហ៍មកនេះថាតើជំនួបរវាងមេដឹកនាំទាំង២ អាចនឹងប្រព្រឹត្តទៅតាមការគ្រោងទុកឬក៏យ៉ាងណា ស្របពេលសហរដ្ឋអាមេរិក និងចិនកំពុងមានជម្លោះពាណិជ្ជកម្មនឹងគ្នា។ ជម្លោះពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានផ្ទុះឡើងជាថ្មីក្នុងខែតុលានេះ ក្រោយចិនប្រកាសដាក់ចេញវិធានការរឹតត្បិតលើការនាំចេញរ៉ែកម្រ ជាហេតុជំរុញឱ្យលោក ត្រាំ គំរាមដំឡើងពន្ធលើទំនិញនាំចូលពីចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: