ព័ត៌មានអន្តរជាតិ October 30, 2025

លោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់អាមេរិក ឡើងវិញជាបន្ទាន់

Naren

(វ៉ាស៉ីនតោន)៖ មុនជំនួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកបានប្រាប់ឱ្យក្រសួងការពារជាតិអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។

លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «ដោយសារកម្មវិធីធ្វើតេស្តរបស់ប្រទេសដទៃទៀត ខ្ញុំបានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណ ចាប់ផ្តើមធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ហើយដំណើរការនេះនឹងចាប់ផ្តើមជាបន្ទាន់»។ លោក ត្រាំ បានកត់សម្គាល់បន្ថែមថា «រុស្ស៉ីកំពុងស្ថិតនៅលំដាប់ថ្នាក់លេខទី២ ខណៈចិនស្ថិតនៅលេខ៣ឆ្ងាយ ប៉ុន្តែនឹងតាមទាន់ប្រហាក់ប្រហែលរុស្ស៉ី ក្នុងរយៈពេល៥ឆ្នាំទៀត»

ការបង្ហោះសាររបស់លោក ត្រាំ គឺធ្វើឡើង បន្ទាប់ពីក្នុងថ្ងៃដដែល ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា រុស្ស៉ីទើបតែទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៉ីលរត់ក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហៅថា Poseidon ដែលបើតាមការវិភាគរបស់អ្នកជំនាញ គឺមានសមត្ថភាពបង្កការវិនាសហិនហោចធ្ងន់ធ្ងរ ចំពោះតំបន់ដែលស្ថិតនៅជាប់មាត់ឆ្នេរ តាមរយៈការបង្កជារលកយក្សធំៗ ពោរពេញដោយសារធាតុវិទ្យុសកម្ម។

ស្របពេលលោក ត្រាំ បានបង្កើនវោហារសាស្រ្តនិងនិងបន្តឹងជំហរដាក់រុស្ស៉ី លោក ពូទីន បានដំឡើងសាច់ដុំនុយក្លេអ៊ែរជាសាធារណៈ ជាមួយការធ្វើតេស្តមីស៉ីលគ្រូសថ្មី Burevestnik កាលពីថ្ងៃទី២១ ខែតុលា និងការធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរ កាលពីថ្ងៃទី២២ ខែតុលា។

គួរបញ្ជាក់ថា អាមេរិក បានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកចុងក្រោយ កាលពីឆ្នាំ១៩៩២។ សហរដ្ឋអាមេរិក គឺជាប្រទេសដែលបានបើកយុគសម័យនុយក្លេអ៊ែរ កាលពីខែកក្កដា ឆ្នាំ១៩៤៥ ជាមួយការធ្វើតេស្តគ្រាប់បែកបរមាណូកម្លាំង ២០គីឡូតោន ហើយបន្ទាប់មក បានប្រើប្រាស់គ្រាប់បែកប្រភេទនោះសរុប២គ្រាប់ ទម្លាក់លើទីក្រុង Hiroshima និង Nagasaki របស់ជប៉ុន កាលពីខែសីហា ឆ្នាំ១៩៤៥ ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News