ព័ត៌មានអន្តរជាតិ October 30, 2025

ជប៉ុន មិនទទួលយកសំណើអាមេរិក ដែលចង់ឱ្យផ្អាកការនាំចូលឧស្ម័នរុស្ស៉ី

Naren

(តូក្យូ)៖ មន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រាប់ Reuters នៅថ្ងៃពុធ ទី២៩ ខែតុលាថា អំឡុងជំនួបក្នុងទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi បានប្រាប់លោកប្រធានាធិបតីអាមេរិក ​ដូណាល់ ត្រាំ ថាការហាមប្រាមនាំចូលឧស្ម័នធម្មជាតិរាវ (LNG) មកពីរុស្ស៉ី នឹងបង្កផលវិបាក។

មន្រ្តីខាងលើបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា បញ្ហា​ឧស្ម័ន LNG របស់​រុស្ស៉ី ត្រូវ​បាន​លើកឡើង​​អំឡុង​ជំនួប​ទ្វេភាគីកាលពីថ្ងៃអង្គារ ​ហើយលោកស្រី Takaichi បាន​សុំ​ការយោគយល់​ពី​លោក ត្រាំ ជុំវិញតម្រូវការផ្នែក​ថាមពល​របស់​ជប៉ុន។ រុស្ស៉ី ជាអ្នកផ្គត់ផ្គង់ឧស្ម័ន LNG ជិត ៩ភាគរយឱ្យជប៉ុន ហើយក្រុមហ៊ុនជប៉ុន Mitsui និងក្រុមហ៊ុន Mitsubishi ក៏មានភាគហ៊ុនក្នុងគម្រោង Sakhalin-2 LNG នៅឯតំំបន់ចុងបូព៌ារបស់រុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា មុន​ដំណើរ​ទស្សនកិច្ច​មកកាន់​អាស៉ី ​លោក ត្រាំ ក្នុង​សប្តាហ៍​នេះ បាន​ជំរុញ​ឱ្យ​អ្នកទិញ​ថាមពល​របស់​រុស្ស៉ី រួមទាំង​ជប៉ុន​ផងដែរ បញ្ឈប់​ការនាំចូលរបស់ខ្លួន ដើម្បី​ដាក់សម្ពាធ​លើ​មូស្គូបញ្ចប់​សង្គ្រាមនៅ​អ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News