ការបាញ់បង្ហោះយានអវកាសផ្ទុកមនុស្ស Shenzhou-២១ ទទួលបានជោគជ័យដោយគាប់ប្រសើរ
(ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិនបានឱ្យដឹងថា នៅវេលាម៉ោង២៣ និង៤៤នាទី យប់ថ្ងៃទី៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន Long March-F ២១ ដែលបានផ្ទុកយានអវកាសផ្ទុកមនុស្ស Shenzhou-២១ ត្រូវបានបាញ់បង្ហោះនៅទីលានបាញ់បង្ហោះយានអវកាសដែលស្ថិតនៅក្រុង Jiuquan ប្រហែល១០នាទីក្រោយមក យានអវកាស បានបំបែកខ្លួនចេញពីរ៉ុក្កែតដោយជោគជ័យ ហើយបានហោះចូលគន្លងតារាវិថីតាមការគ្រោងទុក ក្រុមអវកាសយានិកមានសភាពល្អប្រសើរ បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ។

បន្ទាប់ពីយានអវកាសចូលគន្លងតារាវិថី យានអវកាសផ្ទុកមនុស្សបានតភ្ជាប់ជាមួយស្ថានីយអវកាសដោយស្វ័យប្រវតិ្តនិងឆាប់រហ័ស។ នៅវេលាម៉ោង៤និង៥៨នាទី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា តាមម៉ោងក្រុងប៉េកាំង ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-២០ ដែលកំពុងបំពេញបេសកកម្មនៅតាមគន្លងតារាវិថី បានបើក“ទ្វារ”ដោយរលូន ដើម្បីស្វាគមន៍ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-២១ ចូលប្រចាំការនៅស្ថានីយអវកាសនេះជាលើកទី៧ ហើយដែលក្រុមអវកាសយានិកពីរក្រុមជួបជុំគ្នានៅអវកាសក្នុងប្រវត្តិសាស្ត្រអវកាសចិន។
បន្ទាប់មក ក្រុមអវកាសយានិកពីរក្រុមនេះ នឹងផ្លាស់វេនតាមគន្លងតារាវិថីក្នុងស្ថានីយអវកាស៕ (វិទ្យុមិត្តភាពកម្ពុជាចិន)។ ផ្ដល់សិទ្ធិដោយ៖ Freshnews

