បាត់បង់ជីវិតម្នាក់ ១០នាក់ត្រូវបានជួយសង្រ្គោះ ក្នុងហេតុការណ៍លិចទូកដឹកជនភៀសខ្លួន នៅព្រំដែនម៉ាឡេស៊ី-ថៃ
(គូឡាឡាំពួ)៖ អាជ្ញាធរដែនសមុទ្រនៃប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ថាមនុស្សរាប់រយនាក់បានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានលិចនៅក្បែរព្រំដែនថៃ-ម៉ាឡេស៊ី ខណៈមនុស្ស១០នាក់នៅរស់រានមានជីវិត និងម្នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអាជា្ញធរដែនសមុទ្រប្រចាំរដ្ឋ Kedah និង Perlis នៃភាគខាងជើងម៉ាឡេស៊ី ជនរងគ្រោះជាច្រើននាក់ទៀតទំនងជានឹងត្រូវបានរកឃើញនៅឯសមុទ្រ ៣ថ្ងៃបន្ទាប់ពីទូកខាងលើបានលិច។ ទូកនេះបានចាកចេញដំណើរពីទីក្រុង Buthidaung ប្រទេសមីយ៉ាន់ម៉ាដោយមានផ្ទុកមនុស្សជាង៩០នាក់។ នៅក្នុងចំណោមអ្នកនៅរស់រានមានជីវិតដែលត្រូវបានជួយសង្រ្គោះនៅឯដែនទឹក នៃទីប្រជុំកោះ Langkawi គឺជាបុរសជនជាតិមីយ៉ាន់ម៉ា៣នាក់ បុរសជាជនជាតិរ៉ូហ៊ីងយ៉ា ២នាក់ និងបុរសបង់ក្លាដែសម្នាក់ ហើយសាកសពមនុស្សម្នាក់ដែលត្រូវបានស្រង់ចេញពីសមុទ្រ ជាស្ត្រីរ៉ូហ៊ីងយ៉ាម្នាក់។
គួរបញ្ជាក់ថា ដំបូងឡើយក្រុមមនុស្សដែលមានបំណងធ្វើដំណើរចូលទៅក្នុងប្រទេសម៉ាឡេស៊ី បានជិះនៅលើនាវាធំមួយ តែនៅពេលធ្វើដំណើរជិតដល់ព្រំដែន ពួកគេត្រូវបានប្រាប់ឱ្យចង់ទៅជិះ លើទូកតូចៗចំនួន៣គ្រឿងវិញ ដែលទូកមួយគ្រឿងផ្ទុកមនុស្សជាង១០០នាក់ដើម្បីគេចពីអាជ្ញាធរ។ ចំណែក ទូក២គ្រឿងផ្សេងទៀតដែលមានផ្ទុកមនុស្សប្រហាក់ហែលគ្នានឹងទូកខាងលើដែរ បានបាត់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

