លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បាននិយាយថាសហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងមួយជាមួយឥណ្ឌា ដែលនឹងពង្រីក ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំង២ ក៏ដូចជាជំរុញការនាំចេញថាមពលអាមេរិក និងលើកកម្ពស់ការវិនិយោគក្នុងវិស័យសំខាន់ៗរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន ក្នុងពិធីស្បថចូលកាន់តំណែងនៃបេសកជនពិសេសរបស់លោកប្រចាំប្រទេសឥណ្ឌា លោក Sergio Gor លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ។ យើងកំពុងធ្វើកិច្ចព្រមព្រៀងជាមួយឥណ្ឌា ដែលខុសប្លែកពីកិច្ចព្រមព្រៀងដែលយើង បានធ្វើនាពេលកន្លងមក»។ លោក ត្រាំ បានបន្ថែមជាមួយសុទិដ្ឋិនិយមថា «យើងជិតឈានដល់កិច្ចព្រមព្រៀង»។
គួរបញ្ជាក់ថា លោក ត្រាំ បានបង្កើនការដាក់សម្ពាធលើឥណ្ឌា ដើម្បីបង្ខំឱ្យទីក្រុងញូវដែលីឈប់ទិញប្រេងពីរុស្ស៉ី ដែលទីក្រុងវ៉ាស៊ីនតោននិយាយថាបានចូលរួមចំណែកផ្ដល់ហិរញ្ញវត្ថុ ដល់រុស្ស៉ីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

