ក្រុមចោរនៅបារាំង លួចគ្រឿងអលង្ការបាន១.២លានដុល្លារ ក្រោយករណីលួចគ្រឿងអលង្ការកាលពីខែមុន នៅសារមន្ទីរទីក្រុងប៉ារីស តម្លៃរហូតដល់ជាង១០០លានដុល្លារ
(ប៉ារីស)៖ ប៉ូលិសបារាំងកាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា បានឱ្យដឹងថា ក្រុមចោរនៅភាគខាងជើងប្រទេស បានធ្វើសកម្មភាពលួចយកគ្រឿងអលង្ការ មានតម្លៃសរុបចំនួន១.២លានដុល្លារ ខណៈករណីនេះកើតឡើង ក្រោយករណីលួចគ្រឿងអលង្ការដ៏កក្រើកមួយ នៅទីក្រុងប៉ារីសកាលពីខែមុន ដែលមានតម្លៃសរុបជាង១០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប៉ូលិសបានប្រាប់ថា ក្រុមចោរបានលួចចូលហាងលក់គ្រឿងអលង្ការមួយកន្លែង នៅទីក្រុង Roubaix កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានចាប់បុរសជាម្ចាស់ហាងនិងប្រពន្ធម្ចាស់ហាងនោះ ធ្វើជាចំណាប់ខ្មាំងមួយភ្លែត មុនពេលពួកគេប្រមែប្រមូលយកវត្ថុមានតម្លៃ បានគិតជាទឹកប្រាក់ប្រហែលចន្លោះចាប់ពី៥០០ ០០០អឺរ៉ូ ដល់១លានអឺរ៉ូ ឬស្មើនឹងចន្លោះ៥៨០ ០០០ដុល្លារ ដល់១.២លានដុល្លារអាមេរិក។ ប៉ូលិសបារាំង បានបន្តថា ពួកគេកំពុងស៉ើបអង្កេតករណីនេះ និងកំណត់អត្តសញ្ញាណជនសង្ស័យ។
គួរបញ្ជាក់ថា ករណីខាងលើនេះ គឺកើតមានឡើងបន្ទាប់ពី កាលពីខែតុលាកន្លងទៅ ចោរមួយក្រុម បានចូលលួចគ្រឿងអលង្ការសរុបជាទឹកប្រាក់ប្រហែល រហូតដល់១០២លានដុល្លារ ចេញពីសារមន្ទីរ Louvre នៅរដ្ឋធានីប៉ារីស ទាំងកណ្តាលថ្ងៃ។ ជនសង្ស័យមួយចំនួន ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីនោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
