Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី៖ បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា “សេដ្ឋកិច្ចខ្មៅ” កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា

    BY Naren February 26, 2026
    សម្តេចធិបតី៖ បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា “សេដ្ឋកិច្ចខ្មៅ” កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា

    ភ្នំពេញ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ “បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថាសេដ្ឋកិច្ចខ្មៅ កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់កម្ពុជា និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ហេតុនេះហើយទើបយើងប្តេជ្ញាថា នឹងបោសសំអាតវាឱ្យអស់!”។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយនឹងបណ្តាញផ្សព្វផ្សាយអន្តរជាតិ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសបែលហ្សិក។

    សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា៖ “មជ្ឈមណ្ឌលបោកប្រាស់ខ្លះអាចនឹងបង្កើតលទ្ធផលផ្ទាល់ខ្លះដល់ផ្នែកអចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញរបៀបជាការបង្កើតមជ្ឈមណ្ឌល។ល។ ប៉ុន្តែប្រាក់ចំណូលគឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជាទេ”។

    ពាក់ព័ន្ធសំណួរទាក់ទងនឹងករណី លោក ចេន ហ៊្សី ដែលត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជានោះ សម្តេចធិបតី បានបញ្ជាក់ថា៖ “យើងមិនបានដឹងថា គាត់ជាមេខ្លោងនោះទេ! ហើយសកម្មភាពរបស់គាត់ក៏យើងមិនដឹងដែរ! អាជ្ញាធរកម្ពុជាបានចាត់វិធានការភ្លាមៗ នៅពេលដឹងថាគាត់ជាមេខ្លោងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។

    សូមរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ កាលពីខែមករាកន្លងទៅ សម្តេចធិបតី បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ និងយ៉ាងម៉ឺងម៉ាត់បំផុត សំដៅបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា យ៉ាងយូរបំផុតនៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

    ជាមួយគ្នានេះ យោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមរយៈការបង្ការ ទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនបរទេសជាង ២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ខណៈប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: