ប្រទេសថៃកំពុងចរចាទិញវ៉ាក់សាំង ពីក្រុមហ៊ុនអាមេរិក Pfizer ប្រមាណពី៥-១០លានដូស
(បាងកក)៖ ចំពោះមុខការដំណើរការចាក់វ៉ាក់សាំងយ៉ាងសន្សឹមៗ និងការរាតត្បាត COVID-19 កាន់តែខ្លាំង នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថា ប្រទេសអាស៊ានមួយនេះកំពុងចរចាទិញ វ៉ាក់សាំងបង្ការ COVID-19 ពីក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិកប្រមាណពី ៥-១០លានដូស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២១។
![](https://thekhmerpress.com/wp-content/uploads/2021/04/fn-2021-04-20-15-55-15-1-1024x689.jpg)
លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងបាងកកទៀតថា វ៉ាក់សាំង Pfizer ដូសដំបូងៗអាចនឹងមកដល់ នៅអំឡុងខែកក្កដា ដល់ចុងឆ្នាំ២០២១នេះ។ បច្ចុប្បន្នប្រទេសថៃ កំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស (ក្រោយការផ្អាកជាបណ្តោះអាសន្ន) និងវ៉ាក់សាំង Sinovac របស់ចិន ប៉ុន្តែការចាក់ត្រូវបានគេរិះគន់ថានៅមានភាពយឺតយ៉ាវ ខណៈគិតត្រឹមថ្ងៃអង្គារនេះ វ៉ាក់សាំងតែជាង ៦៦៦,០០០ដូសប៉ុណ្ណោះត្រូវបានចាក់ជូនប្រជាជន ក្នុងនោះប្រមាណ ១១,៧២៧នាក់បានទទួលការចាក់គ្រប់ដូស។
គួរបញ្ជាក់ថា ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ គិតត្រឹមថ្ងៃអង្គារនេះមានករណីឆ្លង COVID-19 សរុប ៤៥,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១០៨នាក់ និងជាសះស្បើយឡើងវិញ ២៨,៩៥៨នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា បានកើនឡើងរហូតដល់ ១៦,១១៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews
![](https://thekhmerpress.com/wp-content/uploads/2021/04/fn-2021-04-20-15-55-15-0-1024x575.jpg)