Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ មិនអាចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ីឡើយ

BY Khmerpress April 22, 2021
ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ មិនអាចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ីឡើយ

(ម៉ានីល)៖ លោក ហារី រ៉ូក (Harry Roque) អ្នកនាំពាក្យរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីហ្វីលីពីនរូបនេះ មិនអាចចាកចេញទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ សប្តាហ៍នេះបានឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ប្រាប់មូលហេតុយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ឌូតឺតេ បានសម្រេចស្ថិតនៅក្នុងប្រទេស ដើម្បីគ្រប់គ្រងស្ថានការណ៍ ឆ្លើយតបនឹងការព្រួយបារម្ភនានា អំពីការកើនឡើងករណីឆ្លង COVID-19»។ បច្ចុប្បន្នករណីឆ្លងជំងឺនេះនៅហ្វីលីពីន កំពុងខិតកាន់តែជិត ១លានករណីហើយ ខណៈអ្នកជំងឺសរុប ១៦,៣៧០នាក់បានស្លាប់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះតែម្តង។

គួរបញ្ជាក់ថា ក្រៅពីប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក៏បានសម្រេចចិត្តមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតាផងដែរ។ កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រារព្ធឡើងនៅចុងសប្តាហ៍នេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សាស្តីអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយលោកអគ្គមេបញ្ជាការយោធា មីង អោង ហ្លេង នឹងបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំនោះ ក្នុងនាំជាមេដឹកនាំមីយ៉ាន់ម៉ា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: