សិល្បៈ

កូនប្រុសតារាកំប្លែង និងជាគ្រូសិល្បៈបុរាណជើងចាស់លោកតា ហ្វុយស្សូ ប្រកាសលក់ផ្ទះ ដើម្បីយកលុយព្យាបាលឪពុក និងសងធនាគារ

BY
Khmerpress
November 12, 2021
កូនប្រុសតារាកំប្លែង និងជាគ្រូសិល្បៈបុរាណជើងចាស់លោកតា ហ្វុយស្សូ ប្រកាសលក់ផ្ទះ ដើម្បីយកលុយព្យាបាលឪពុក និងសងធនាគារ

(ភ្នំពេញ)៖ កូនប្រុសរបស់លោកតា ស៊ូ សាវ៉ាង ហៅហ្វុយស្សូ គ្រូសិល្បៈបុរាណជើងចាស់ និងជាតារាកំប្លែងផងនោះ បានបង្ខំចិត្តប្រកាសដាក់លក់ផ្ទះរបស់ខ្លួន ក្នុងតម្លៃ១៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកថវិកាព្យាបាលជំងឺឪពុក និងសងទៅធនាគារ ដោយសារតែនៅពេលនេះ គឺលោក និងគ្រួសារអស់លទ្ធភាព ក្នុងការស្វះស្វែងរកថវិកាទៀតហើយ។

លោក ស៊ូ វណ្ណៈ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នៅពេលនេះស្ថានភាពជំងឺរបស់លោក ស៊ូ សាវ៉ាង ហៅលោកតា ហ្វុយស្សូ បានធូរស្បើយបន្តិចហើយ បន្ទាប់ពីសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ អស់រយៈពេល២០ថ្ងៃរួចមក ពោលគឺអាកាៈឪពុករបស់លោកមិនសូវហត់ខ្លាំង ហើយមិនសូវក្ដៅខ្លួនញឹកញាប់ និងក្អកតិចជាងមុន។ ប៉ុន្តែថ្លើមរបស់លោកតា ហ្វុយស្សូ ដែលនៅសល់តែមួយចំហៀង ក្រោយការវះកាត់ កាលពីលើកមុននោះ ក៏មានការរលាកដោយមានខ្ទុះ ដូច្នេះត្រូវបូមខ្ទុះនោះចេញ ដើម្បីយកមកពិនិត្យបន្ត ហើយត្រូវចេញចូលមន្ទីរពេទ្យញឹកញាប់ ពោលគឺពេលគាត់ធ្វើទុក្ខត្រូវនាំចូលមន្ទីរពេទ្យ ធ្វើការពិនិត្យយ៉ាងហោចណាស់ ក៏ ៣ទៅ៤ថ្ងៃម្ដងដែរ។

លោក ស៊ូ វណ្ណៈ បានថ្លែងប្រាប់បន្តទៀតថា ដោយសារតែជីវភាពខ្វះខាត លោកបានធ្វើលិខិតស្នើសុំទៅស្ថាប័នក្រសួងមួយចំនួន ដែលមាន នៅក្នុងជួររដ្ឋាភិបាល និងដែលធ្លាប់ស្និទ្ធស្នាលជាមួយគ្រួសាររបស់លោក រួមទាំងកាកបាទក្រហមកម្ពុជា ដើម្បីសុំជំនួយ ហើយក៏ទទួលបានការឆ្លើយតប និងបានផ្ដល់ជាថវិកាជួយដល់គ្រួសាររបស់លោកជាហូរហែ ប៉ុន្តែថវិកាទាំងនោះ បានជួយសម្រាលការចំណាយរបស់លោក បានប្រមាណជា ៣០ភាគរយប៉ុណ្ណោះ ព្រោះតែថ្លៃព្យាបាលជំងឺលោកឪពុក គឺចំណាយច្រើន។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ លោក ស៊ូ វណ្ណា បានប្រកាសថា លោកបានដាក់លក់ផ្ទះមួយល្វែង ដែលមានទីតាំងស្ថិតនៅក្នុងបុរីវិមានភ្នំពេញ តាមបណ្ដោយផ្លូវ៥៩៨ (ផ្លូរជា សុផារ៉ា) ក្នុងតម្លៃប្រមាណ១៥ ម៉ឺនដុល្លារ ហើយប្រសិនបើលោកលក់ផ្ទះនោះដាច់មែន គឺលោកត្រូវយកថវិកានោះទៅសងទៅធនាគារ, សងបំណុលផ្សេងៗទៀត ដែលបានខ្ចីទៅព្យាបាលជំងឺឪពុក និងមួយផ្នែកទៀត ត្រូវទុកព្យាបាលជំងឺឪពុកបន្តទៀត។

សូមបញ្ជាក់ថា លោកតា ហ្វ៊ុយហ្សូ ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងអំឡុងឆ្នាំ ១៩៩០ និង២០០០ ហើយមកដល់ឆ្នាំ ២០០៧ លោកតា ហ្វុយហ្សូ ក៏បានធ្លាក់ខ្លួនឈឺនូវជំងឺជាច្រើនមុខ ដោយក្នុងនោះ មានទាំងជំងឺបុសថ្លើមទៀតផង។ លោកតា ហ្វុយហ្សូ គឺជាសិល្បករជើងចាស់ និងជាព្រឹទ្ធាចារ្យមួយរូបបានចំណាយពេលវេលា កម្លាំងកាយចិត្តជាច្រើន បណ្ដុះបណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង ក្មេងៗជំនាន់ក្រោយ និងអ្នកស្រឡាញ់សិល្បៈ ដោយពុំគិតការតបស្នងអ្វីឡើយ តាមរយៈការបើកមជ្ឈមណ្ឌលសិល្បៈបុរាណរបស់លោកតា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: