ព័ត៌មានអន្តរជាតិ April 28, 2021

BREAKING៖ គ្រោះរញ្ជួយផែនដីកមិ្រត «៦.៤រ៉ិចទ័រ» វាយប្រហាររដ្ឋ Assam ប្រទេសឥណ្ឌា

Khmerpress

(ញូដេលី)៖ គ្រោះរញ្ជួយដីមួយមានកម្រិតធ្ងន់ ៦.៤រ៉ិចទ័រ បានវាយប្រហារភាគឦសានប្រទេសឥណ្ឌា នាព្រឹកថ្ងៃពុធនេះ ហើយហាក់បានបង្កការបំផ្លិចបំផ្លាញមួយចំនួន និងមិនទាន់ច្បាស់ថា មានមនុស្សរងគ្រោះថ្នាក់ដែរ ឬយ៉ាងណានោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន India Today នៅព្រឹកថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្រុង តេសភើ (Tezpur) នៃរដ្ឋ អាស្សាម (Assam) ភាគឦសាននៃប្រទេសឥណ្ឌា ហើយឥទ្ធិពលរបស់វាបានជះពាសពេញរដ្ឋ Assam និងដល់ផ្នែកដទៃទៀត នៃតំបន់ភាគឦសានរបស់ឥណ្ឌា។ រូបភាព និងឃ្លីបវីដេអូមួយចំនួន ចែកចាយដោយអ្នកដែលស្ថិតនៅក្នុងរដ្ឋ Assam ផ្ទាល់បានបង្ហាញឲ្យឃើញពី ទិដ្ឋភាពនៃការខូចខាតមួយចំនួន ដូចជាជញ្ជាំងដួលរលំ កញ្ចក់បង្អួចអគារបែកខ្ទេចខ្ទី និងស្នាមប្រេះនៅតាមអគារជាដើម។ បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីនោះមានជម្រៅ ២៩គីឡូម៉ែត្រក្រោមដី។

យ៉ាងណាមិញភ្លាមៗបែបនេះ គេនៅមិនទាន់ឃើញមានសេចក្តីរាយការណ៍ អំពីមនុស្សរងរបួស ឬបាត់បង់ជីវិតនៅឡើយទេ ដោយសារបាតុភូតរញ្ជួយផែនដីនោះ ហើយទំហំនៃការបំផ្លិចបំផ្លាញជាក់ស្តែង ក៏ពុំទាន់ត្រូវបានកំណត់ច្បាស់លាស់ដែរ ខណៈអាជ្ញាធរឥណ្ឌាកំពុងតែធ្វើការវាយតម្លៃ។ គ្រោះរញ្ជួយដីនេះបានកើតមានឡើង ចំពោះពេលឥណ្ឌាកំពុងហែលឆ្លងវិបត្តិ COVID-19 ដ៏អាក្រក់បំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews