ព័ត៌មានអន្តរជាតិ

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៨៧១នាក់» និងអ្នកជំងឺ ១០នាក់ទៀតបានបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

BY
Khmerpress
April 29, 2021
ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៨៧១នាក់» និងអ្នកជំងឺ ១០នាក់ទៀតបានបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺនេះសរុប ១,៨៧១នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១០នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation។

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,៨៧១នាក់ខាងលើនេះ មានតែ ០៧នាក់ប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស ខណៈ ៦៨៩នាក់ត្រូវបានរាយការណ៍ ចេញពីទីក្រុងបាងកក, ១៥១នាក់នៅខេត្តសាមុតប្រាកាន, ១១២នាក់នៅខេត្តឈុនបុរី និង ៦៩នាក់នៅខេត្តឈៀងម៉ៃ។ ដោយឡែកអ្នកជំងឺ ៩៩២នាក់បានជាសះស្បើយ នៅក្នុងរយៈពេលដូចគ្នាផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃកន្លងមកនេះ ធ្លាប់បានបង្ហាញសុទិដ្ឋិនិយមរួចទៅហើយ ក្នុងការដាក់រលកថ្មីនៃ COVID-19 លើកនេះឲ្យស្ថិតក្រោមការគ្រប់គ្រង។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ថៃមានករណីឆ្លងសរុប ៦៣,៥៧៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៨៨នាក់ និងជាសះស្បើយឡើងវិញ ៣៥,៣៩៤ ខណៈអ្នកជំងឺរហូតដល់ ២៧,៩៨៨នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រទេសថៃសម្រេចបានជាង ១,៣៤៤,០០០ដូសហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: