ព័ត៌មានអន្តរជាតិ May 5, 2021

សហរដ្ឋអាមេរិកគ្រោងចាក់វ៉ាក់សាំងជូនក្រុមមនុស្សមានហានិភ័យទាប ខណៈកូវីដ-១៩ កំពុងលុកលុយពិភពលោក

Khmerpress

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនចង់ឱ្យប្រជាជនអាមេរិកពេញវ័យ ៧០ភាគរយទទួលបានការចាក់វ៉ាក់សាំង COVID-19 យ៉ាងហោចដូសទី១ នៅមុនថ្ងៃទី៤ ខែកក្កដាដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ហើយទើបចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សវ័យជំទង់។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ លោក បៃដិនក៏បានបញ្ជាក់ដែរថាការអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់អាចនឹងធ្វើឡើងនៅ ប៉ុន្មានថ្ងៃខាងមុខនេះ ហើយបើសិនជាមានការអនុញ្ញាតមែន នោះរដ្ឋបាលរបស់លោកនឹងអនុវត្តភ្លាមៗ។ ក៏ប៉ុន្តែ ការចាក់វ៉ាក់សាំងជូនក្រុមមនុស្សវ័យជំទង់ ដែលប្រឈមមុខនឹងហានិភ័យទាបអាចនឹងបង្កភាពចម្រូងចម្រាស់ ដ្បិតពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងកង្វះខាតវ៉ាក់សាំងដែលចាំបាច់សម្រាប់ក្រុមមនុស្ស មានហានិភ័យខ្ពស់ ជាពិសេសនៅក្នុងប្រទេសប្រេស៊ីល និងឥណ្ឌាដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាត COVID-19។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ជាគូ BioNTech បាននិយាយកាលពីខែមីនាកន្លងទៅថាវ៉ាក់សាំងចាក់ ២ដូសរបស់ខ្លួនមានប្រសិទ្ធភាព ចំពោះមនុស្សមានអាយុពី១២ ដល់១៥ឆ្នាំ នៅក្នុងការធ្វើតេស្ដលើអ្នកស័្មគ្រចិត្ត ២,២៦០នាក់។ គិតត្រឹមដើមសប្ដាហ៍នេះ ប្រជាជនអាមេរិកពេញវ័យ ៣១.៩ភាគរយ បានចាក់វ៉ាក់សាំង ២ដូស ឬគ្រប់ដូស និង៤៤.៨ភាគរយបានចាក់វ៉ាក់សាំងដូសទី១៕ ផ្តល់សិទ្ធិដោយ៖ freshnews