ព័ត៌មានអន្តរជាតិ

អាមេរិក៖ ក្រុមហ៊ុន Pfizer នឹងដាក់ពាក្យស្នើសុំការអនុញ្ញាត ចាក់វ៉ាក់សាំងដល់ក្មេងៗអាយុ «២-១១ឆ្នាំ» នៅក្នុងខែកញ្ញា

BY
Khmerpress
May 5, 2021
អាមេរិក៖ ក្រុមហ៊ុន Pfizer នឹងដាក់ពាក្យស្នើសុំការអនុញ្ញាត ចាក់វ៉ាក់សាំងដល់ក្មេងៗអាយុ «២-១១ឆ្នាំ» នៅក្នុងខែកញ្ញា

(អាមេរិក)៖ នៅខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer រំពឹងថាខ្លួននឹងអាចដាក់ពាក្យស្នើសុំមួយ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនទៅលើក្មេងៗអាយុចាប់ពី ២-១១ឆ្នាំ នៅក្នុងករណីបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក CNN នាព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន Pfizer បានគូសបញ្ជាក់បន្ថែមទៀតថា ការស្នើសុំឲ្យប្រើប្រាស់ពេញលេញ នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា PF-07321332 សម្រាប់មនុស្សអាយុចាប់ពី ១៦-៨៥ឆ្នាំ គឺនឹងត្រូវធ្វើឡើងនៅក្នុងខែឧសភានេះតែម្តង។ ដោយឡែកការអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុចាប់ពី ១២-១៥ឆ្នាំដោយអាជ្ញាធរ FDA អាចនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ។

បើតាមនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Pfizer លោក អាល់ប៊ឺត បួរឡា (Albert Bourla) បានពន្យល់ថា លទ្ធផលសិក្សាអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer ទៅលើទារក និងក្មេងៗអាយុចាប់ពី ៦ខែ ដល់ ១១ឆ្នាំ គឺមានការបែងចែកក្រុមអាយុជាពីរជំពូកសិន នោះគឺក្មេងៗអាយុចន្លោះពី ២-៥ឆ្នាំ និង ៥-១១ឆ្នាំ ហើយលទ្ធផលអាចនឹងចេញ នៅអំឡុងខែកញ្ញា។

គួរបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនអាមេរិក Pfizer បានបញ្ចេញរបាយការណ៍ធ្វើតេស្តរបស់ខ្លួន ក្រោយការចាក់វ៉ាក់សាំងសាកល្បង ទៅលើក្មេងអាយុពី ១២-១៥ឆ្នាំចំនួន ២,២៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានពីរដូស។ ជាលទ្ធផលពួកគេទាំងអស់គ្នា (១០០%) អាចមានលទ្ធភាពទប់ទល់ COVID-19៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: