BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជិត ៣ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ
(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៩,០១៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៥៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៨៦២,៣៩៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៣,៤០៨នាក់ និងជាសះស្បើយឡើងសរុប ២៧,៣៩៩,៤២៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា បានបង្ហាញសញ្ញាថយចុះ កាន់តែច្រើននៃករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19។ ទោះជាបែបនេះក្តី តួលេខនៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បែរជាមានការធ្លាក់ចុះទៅវិញ ដែលតម្រូវឲ្យអាជ្ញាធរតាមរដ្ឋនីមួយៗ បង្កើតយុទ្ធសាស្ត្រដើម្បីទាក់ទាញប្រជាជន ឲ្យមកទទួលការចាក់វ៉ាក់សាំង ទៅតាមគោលការស្ម័គ្រចិត្ត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៧៩លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៦០.២លាននាក់ (៤៨.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១២៦.៦លាននាក់ (៣៨.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews