សារព័ត៌មានថៃ Thairath បានបញ្ចេញការរិះគន់ចំពោះការប្រើប្រាស់រូប «សត្វគ្រុឌ» នៅលើខោប្រដាល់គុនខ្មែរ
បន្ទាប់ពីមានភាពចម្រូងចម្រាសរវាងពាក្យ «គុនខ្មែរ» និង «ម៉ឺយថៃ» នៅពេលដែលភាគីកម្ពុជាបានសម្រេចជ្រើសយកពាក្យ «គុនខ្មែរ» នៅក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីកុំឱ្យមានភាពភាន់ច្រឡំ និងស្របតាមជំហររបស់កម្ពុជា ដែលជាម្ចាស់ក្បាច់ប្រដាល់គុនខ្មែរ។ យ៉ាងណាក៏ដោយ មុននេះបន្ដិចសារព័ត៌មាន Thairath ក៏បានបង្ហាញពីការរិះគន់ភាគថ្មីមួយទៀត ដោយបាននិយាយថា៖«វាជារឿងមិនសមនោះទេដែលប្រទេសជិតខាង [កម្ពុជា] បានប្រើប្រាស់រូបសត្វគ្រុឌថៃ នៅលើខោប្រដាល់របស់ពួកគេ»។
ពោលគឺថ្មីៗនេះ ទំព័រហ្វេសប៊ុកល្បីឈ្មោះមួយឈ្មោះថា ASEAN “มอง” ไทย បានបង្ហោះដោយមានភ្ជាប់ជាមួយរូបភាពសង្វៀនប្រដាល់គុនខ្មែរ, ខោដែលមានឡូហ្គោសត្វគ្រុឌ ដែលថៃអះអាងថាវាជារឿងមិនសមរម្យនោះទេ។ ពោលគឺពួកបញ្ចេញមតិថៃយល់ថា ការប្រើប្រាស់សត្វតំណាងជាតិរបស់ពួកគេគឺជារឿងមិនត្រឹមត្រូវ ហើយក្នុងន័យមិនគោរពប្រទេសថៃយ៉ាងច្បាស់ក្រឡែត។ គួរឱ្យដឹងផងដែរថា សត្វតំណាងជាតិរបស់ថៃគឺ «សត្វគ្រុឌ» ដែលនាំឱ្យពួកគេមានការកើតទុក្ខមិនសុខចិត្តបែបនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត





