អាជ្ញាធរហុងកុងនឹងចែកសំបុត្រយន្តហោះ ៥០០,០០០ សន្លឹកដោយមិនគិតថ្លៃដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅកំសាន្តក្នុងដែនដីរបស់ខ្លួន
ហុងកុង៖ ក្រោយបិទខ្ទប់ប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំមក អាជ្ញាធរហុងកុងគ្រោងនឹងចែកសំបុត្រយន្តហោះ ៥០០,០០០ សន្លឹកដោយមិនគិតថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅដើរកំសាន្តក្នុងដែនដីរបស់ខ្លួនឡើងវិញ។ តាមគម្រោងគឺសំបុត្រទាំង ៥០០,០០០សន្លឹកនោះនឹងត្រូវប្រគល់ជូនក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៣គឺក្រុមហ៊ុន Cathay Pacific ក្រុមហ៊ុន HK Express និងក្រុមហ៊ុន Hongkong Airlines ដើម្បីរៀបចំកម្មវិធីប្រគល់ជូនទៅកាន់អ្នកដំណើរ។
បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ការផ្តល់ជូនសំបុត្រយន្តហោះដោយមិនគិតថ្លៃនេះនឹងត្រូវធ្វើឡើងដោយមានលក្ខខណ្ឌមួយចំនួនដូចជា អ្នកដំណើរទាំងអស់ត្រូវចូលទៅបំពេញឈ្មោះក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំង ៣ខាងលើ ហើយខាងក្រុមហ៊ុននឹងធ្វើការជ្រើសរើសឈ្មោះអ្នកដំណើរទាំងអស់នោះដោយចៃដន្យទៅតាមចំនួនដែលបានកំណត់។ ចំពោះកាលបរិច្ឆេទចូលទៅចុះឈ្មោះវិញ គឺត្រូវបានបែងចែកជា ៣ដំណាក់កាល ដោយដំណាក់កាលទី ១គឺចាប់ផ្តើមពីថ្ងៃទី ១ ខែមីនាសម្រាប់ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ដំណាក់កាលពីទី ២ គឺចាប់ផ្តើមពីថ្ងៃទី ១ខែមេសា សម្រាប់ពលរដ្ឋចិន និងដំណាក់កាលទី ៣គឺចាប់ផ្តើមពីថ្ងៃទី ១ខែឧសភា សម្រាប់ពលរដ្ឋហុងកុងផ្ទាល់តែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
