ព័ត៌មានអន្តរជាតិ February 10, 2023

ទារិកាម្នាក់បានកើតនៅក្រោមគំនរបាក់បែកដែលបង្កដោយគ្រោះរញ្ជួយដីនៅតួកគីនិងស៊ីរី ខណៈម្តាយឪពុកនិងបងប្អូននាងបានបាត់បង់ជីវិតអស់ហើយ

Khmerpress

ស៊ីរី៖ មនុស្សរាប់ពាន់នាក់ត្រូវបានគេផ្តល់ឱកាសឲ្យទទួលយកទារិកាម្នាក់ទៅចិញ្ចឹម ខណៈទារិការូបនេះត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានអាយុថ្លៃបំផុតឬមានសំណាងបំផុត ត្បិតរូបនាងបានកើតនៅក្រោមគំនរបាក់បែកដែលបង្កឡើងដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងប្រទេសស៊ីរីកាលពីប៉ុន្មានថ្ងៃមុននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Times នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈនេះបានឲ្យដឹងថា ទារិការូបនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Aya ដែលនៅក្នុងភាសាអារ៉ាប់មានន័យថា “អព្ភូតហេតុ”។

ប្រភពខាងលើបានបន្តថា ទារិកា Aya បានចាប់កំណើតនៅក្រោមគំនរបាក់បែកនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ខណៈម្តាយឪពុកនិងបងប្អូនរបស់នាងចំនួន ២នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតអស់ហើយ។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់មួយទៀតនោះគឺនៅពេលដែលគេបានរកឃើញទារិកា Aya គឺរូបនាងកំពុងនៅមានទងផ្ចិតជាប់នៅជាមួយម្តាយនាងនៅឡើយ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរីបានកើនឡើងដល់ជាង ២០,០០០នាក់ហើយ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត