Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន អាយុ៨០ឆ្នាំ មានសុខភាពមាំមួន ខណៈត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤, នេះបើតាមពេទ្យផ្ទាល់ខ្លួន

BY Khmerpress February 17, 2023
លោក ចូ បៃដិន អាយុ៨០ឆ្នាំ មានសុខភាពមាំមួន ខណៈត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤, នេះបើតាមពេទ្យផ្ទាល់ខ្លួន

(វ៉ាស៊ីនតោន)៖ លទ្ធផលត្រួតពិនិត្យសុខភាពជាប្រចាំ បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានសុខភាពល្អមាំមួន ហើយអាចដឹកនាំកិច្ចការប្រទេសជាតិដោយមិនមាន បញ្ហាអ្វីនោះទេ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាលោកត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក បៃដិន មានអាយុ៨០ឆ្នាំ បានទទួលការត្រួតពិនិត្យសុខភាពអស់រយៈពេលជាង ៣ម៉ោង នៅឯមន្ទីរពេទ្យយោធា Walter Reed National Military Medical Center ក្នុងទីក្រុង Bethesda នៃរដ្ឋ Maryland កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បើតាមលោក Kevin O’Connor ជាវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក បៃដិន ចាប់តាំងពីឆ្នាំ២០០៩មក ប្រធានាធិបតីចាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្រអាមេរិករូបនេះមានសុខភាពល្អរឹងមាំ ហើយអាចបំពេញភារកិច្ចក្នុងនាមជាប្រធានាធិបតីដោយគ្មានបញ្ហាអ្វីឡើយ។

គួរបញ្ជាក់ថា លោក បៃដិន មិនទាន់បានប្រកាសជាផ្លូវការថាលោកនឹងឈរជាឈ្មោះជាថ្មី ឬក៏យ៉ាងណានោះទេ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាច្រើនកន្លងមក លោកបានបង្ហើបខ្លះៗ ដែរពីចេតនាចង់ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: