ព័ត៌មានអន្តរជាតិ February 18, 2023

Elon Musk បិទការិយាល័យ Twitter ចំនួនពីរនៅឥណ្ឌា

Khmerpress

(បរទេស)៖ បន្ទាប់ពីបញ្ឈប់បុគ្គលិក Twitter ស្ទើតែពាក់កណ្តាលក្រុមហ៊ុននៅទូទាំងប្រទេសចាប់តាំងពីការចូលកាន់កាប់តំណែងជាផ្លូវរបស់ Elon Musk កាលពីខែតុលាកន្លងទៅ ពេលនេះទទួលបានដំណឹងថ្មីមកថា ការិយល័យ Twitter ចំនួន ២ទៀតក្នុងប្រទេសឥណ្ឌាក៏ត្រូវបានបិទផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពពី Bloomberg បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា Twitter បានបិទការិយាល័យចំនួន ២ក្នុងចំណោមការិយាល័សរុបចំនួន ៣នៅក្នុងប្រទេសឥណ្ឌា។ ដោយក្នុងនោះការិយាល័យដែលត្រូវបានបិទមានទីតាំងនៅ New Delhi និងមួយទៀតនៅ Mumbai ដូច្នេះពេលនេះ Twitter នៅសល់ការិយាល័យតែមួយទៀតប៉ុណ្ណោះនៅក្នុងប្រទេសឥណ្ឌា ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃទីក្រុង Bengaluru។

តែយ៉ាងណាជុំវិញការបិទការិយាល័យភ្លាមៗនេះនៅមិនទាន់ទទួលបានរបាយការណ៍លម្អិតនោះ ខណៈដែល Twitter មិនបានឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters។ តែប្រភពពី Bloomberg ដដែលបានគូសបញ្ជាក់ថា មុននឹងឈានដល់ការបិទការិយាល័យនេះ Elon Musk បានបញ្ឈប់បុគ្គលិកខ្ទង់ ៩០ភាគរយរួចទៅហើយ គិតជាចំនួនបុគ្គលិកមានប្រហែល ២០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews