ព័ត៌មានអន្តរជាតិ February 25, 2023

ក្រុមហ៊ុន Netflix កំពុងរៀបចំដើម្បីបើកការិយាល័យនៅប្រទេសវៀតណាម

Khmerpress

(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Steaming ដ៏ល្បីរបស់សហរដ្ឋអាមេរិក Netflix កំពុងរៀបចំបើកការិយាល័យនៅក្នុងប្រទេសវៀតណាមបន្ទាប់ពីការចរចារជាច្រើនឆ្នាំជាមួយអាជ្ញាអធរ និងបញ្ចប់ការវាយតម្លៃហានិភ័យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Netflix កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការរៀបចំផែនការសម្រាប់ការបង្កើតការិយាល័យក្នុងស្រុកក្នុងប្រទេសវៀតណាម បន្ទាប់ពីបញ្ចប់ការវាយតម្លៃបានដោយជោគជ័យកាលពីចុងឆ្នាំ២០២២កន្លងទៅ ទៅលើផ្នែកសន្តិសុខ នយោបាយនៃដំណើរប្រតិបត្តិការការិយាល័យនៅក្នុងប្រទេសវៀតណាម និងការដោះស្រាយទិន្នន័យអ្នកប្រើប្រាស់ រួមជាមួយខ្លឹមសារសើបមួយចំនួន។

តាមរយៈការបង្កើតការិយាល័យក្នុងស្រុកនេះនឹងធ្វើឱ្យក្រុមហ៊ុន Netflix ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំដំបូងគេរបស់សហរដ្ឋអាមេរិកដែលមានវត្តមានដោយផ្ទាល់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ Netflix ត្រូវបានគេរំពឹងថា នឹងអាចទាញយកអ្នកប្រើប្រាស់បានកាន់តែលឿនរហូតដល់ ១០០លាននាក់ឯណោះ ខណៈបច្ចុប្បន្ននេះវៀតណាមកំពុងក្លាយជាទីតាំងដ៏ពេញនិយមបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកពីជុំវិញពិភពលោក។

តែយ៉ាងណាជុំវិញប្រតិបត្តិការរបស់ Netflix នេះនៅមិនទាន់ទទួលបានរបាយការណ៍លម្អិតនៅឡើយនោះទេថា តើត្រូវចំណាយប៉ុន្មានក្នុងការសាងសង់ការិយាល័យ។ បើយោងតាមប្រភពមិនបញ្ចេញឈ្មោះមួយបានឱ្យដឹងថា ការិយាល័យនេះអាចនឹងរួចរាល់នៅចុងឆ្នាំ២០២៣នេះ ប៉ុន្តែ តម្រូវឱ្យមានដំណើរការបទប្បញ្ញត្តិជាមុនសិន ដូច្នេះអាចនឹងត្រូវចំណាយរយៈពេលយូរជាងនេះបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews