ព័ត៌មានអន្តរជាតិ May 25, 2021

កោះតៃវ៉ាន់នឹងទទួលបាន វ៉ាក់សាំងបង្ការកូវីដ-១៩រាប់លានដូស បូករួមទាំងវ៉ាក់សាំងអភិវឌ្ឍក្នុងស្រុកផងដែរ

Khmerpress

(តៃប៉ិ)៖ រដ្ឋមន្រ្តីសុខាភិបាលកោះតៃវ៉ាន់ លោក ឈិន ស៉ីជុង (Chen Shih-chung) បាននិយាយនៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 «រាប់លានដូស» កំពុងត្រូវបានដឹកជញ្ជូនមកកាន់កោះតៃវ៉ាន់ហើយ។

ខណៈលោកបានពង្រីកការរឹតត្បិត ប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺនេះ រហូតដល់ពាក់កណ្តាលខែមិថុនា បើទោះបីជានិន្នាការនៃការឆ្លងថ្មីៗ កំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ CNA។

លោក Chen Shih-chung បានគូសបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសនឹងមកដល់កោះតៃវ៉ាន់នៅចុងខែមិថុនា និង ១០លានដូសទៀតនៅចុងខែសីហា បើទោះបីជាលោកមិនបានផ្តល់ ព័ត៌មានឲ្យលម្អិតជាងនេះក៏ដោយ ប៉ុន្តែលោកបានគូសបញ្ជាក់បន្ថែមថា ចំនួននេះរួមក៏បញ្ចូលទាំងវ៉ាក់សាំង ដែលអភិវឌ្ឍន៍ក្នុងស្រុកផងដែរ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 ច្រើនជាង ២០លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Moderna ហើយក៏កំពុងអភិវឌ្ឍវ៉ាក់សាំងផ្ទាល់ខ្លួនផងដែរ។ គិតត្រឹមថ្ងៃអង្គារនេះ កោះតៃវ៉ាន់មានករណីឆ្លង COVID-19 សរុប ៥,៤៥៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយវិញ ១,១១៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews