ព័ត៌មានអន្តរជាតិ May 27, 2021

BREAKING: ប្រធានាធិបតីប្រទេស Namibia និងភរិយា «ឆ្លងជំងឺកូវីដ-១៩»

Khmerpress

(វីនហឹក)៖ លទ្ធផលធ្វើតេស្តបានចេញមកហើយ ដោយប្រធានាធិបតីប្រទេសណាមីបៀ (Namibia) លោក ហេច ហ្គេងអប់ (Hage Geingob) និងភិរិយារបស់លោកគឺលោកស្រី ម៉ូនីកា (Monica Geingos) បានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

ការបញ្ចេញលទ្ធផលខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកទាំងពីរ បានធ្វើតេស្តរក COVID-19 កាលពីល្ងាចថ្ងៃពុធ (ម៉ោងនៅតំបន់អាហ្វ្រិកខាងត្បូង)។ យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាល Namibia បានប្រកាសថា លោកប្រធានាធិបតី និងភរិយាស្ថិតនៅក្នុងស្ថានភាពនឹងនរ ហើយកំពុងសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងផ្ទះរបស់អ្នកទាំងពីរផ្ទាល់។

គួរបញ្ជាក់ថា Namibia គឺជាប្រទេសស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រិក ដែលមានផ្ទៃដីធំធេងតែមានប្រជាជនរស់នៅតែ ២.៥៨លាននាក់ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ Namibia មានអ្នកឆ្លង COVID-19 សរុប ៥៣,៦០៣ករណី ក្នុងនោះមានអ្នកស្លាប់ ៧៨៩នាក់ និងជាសះស្បើយវិញជិត ៥ម៉ឺននាក់៕